(ស្វាយរៀង)៖ ប្រជាពលរដ្ឋចំនួន៥គ្រួសារ នៅខាងមុខផ្សារក្រោលគោ ស្រុកស្វាយជ្រំ ដែលអះអាងថា មានប្លង់រឹងដែលអាជ្ញាធរ និងមន្ត្រីជំនាញធ្វើឲ្យតាំងពីឆ្នាំ១៩៩៧-១៩៩៨ បានស្នើសុំទៅអាជ្ញាធរខេត្តក៏ដូចជា មន្ទីរជំនាញសុំធ្វើប្លង់ដីលក្ខណៈជាប្រពន្ធ័កម្មសិទ្ធិស្របច្បាប់ តែពលរដ្ឋមួយចំនួនទៀត ក៏បានស្នើសុំឲ្យអាជ្ញាធរធ្វើប្លង់ដែរតែមន្ត្រីជំនាញក៏ដូចជា អាជ្ញាធរខេត្តថា ពួកគាត់ពុំមានប្លង់រឹងពីមុនមកនោះទេ។
លោក ហែម ពិសិដ្ឋ អភិបាលរងស្វាយរៀង បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ថា ចំពោះការស្នើសុំពីបងប្អូនអាជីវករនៅផ្សារក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ សុំធ្វើប្លង់លក្ខណៈជាប្រព័ន្ធស្របច្បាប់ អាជ្ញាធរខេត្តក៏ដូចជាមន្ត្រីជំនាញ បានចុះសិក្សាស្រាវជ្រាវជាមួយអាជ្ញាធរឃុំ និងអាជីវករជាច្រើនលើកជាច្រើនសារមកហើយ ក្នុងនោះរកឃើញថា មានតែប្រជាពលរដ្ឋ៥គ្រួសារប៉ុណ្ណោះ ដែលមានប្លង់រឹងតាំងពីឆ្នាំ១៩៩៨ ដែលមានការទទួលស្គាល់ពីអាជ្ញាធរ និងមន្ត្រីជំនាញស្រុក និងនាយកដ្ឋានសុរិយោដី រីឯប្រជាពលរដ្ឋផ្សេងទៀតពុំមានប្លង់រឹងនោះទេ។
លោក ហែម ពិសិដ្ឋ បានបញ្ជាក់ថា បើច្បាប់រកឃើញថា ពលរដ្ឋទាំង៥គ្រួសារមានប្លង់រឹង មន្ត្រីជំនាញគេធ្វើប្លង់ស្របច្បាប់ឲ្យ ហើយបើប្រជាពលរដ្ឋណាដែលមិនពេញចិត្ត ឬថាខុសលក្ខណៈបែបណានោះ អាចប្តឹងទៅតុលាការបានដើម្បីរកយុត្តិធម៌។ ប្រជាពលរដ្ឋដែលមិនមានប្លង់អាចប្រកបរបររកស៊ីបាន ជាធម្មតាបាន លុះត្រាតែរដ្ឋត្រូវការដីទើបរុះរើចេញ។
បើតាមអាជីវករមួយចំនួនតូច ដែលមានដីនៅផ្សារក្រោលគោ បានប្រាប់ឲ្យដឹងថា ពួកគាត់ប្រកបរបរកស៊ី នៅផ្សារក្រោលគោនេះ តាំងតែពីគេបង្កើតផ្សារនេះមកម្ល៉េះហើយ បើអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញចេញប្លង់ឲ្យប្រជាពលរដ្ឋទាំង៥គ្រួសារ នៅខាងមុខផ្សារឲ្យមានប្លង់ស្របច្បាប់នោះ ពួកគាត់នឹងស្នើសុំដែរ ដោយពួកគាត់អះអាងថា ដីក្នុងផ្សារក្រោលគោនេះគឺជារបស់រដ្ឋ។
ជុំវិញករណីខាងលើនេះ មេឃុំក្រោលគោលោក ភោគ វណ្ណថន បានឲ្យដឹងថា ចំពោះករណីដីនៅផ្សារក្រោលគោទាំង៥គ្រួសារ ដែលមានប្លង់រឹងពួកគាត់បានស្នើរសុំទៅគណៈកម្មាធិការសុរិយោដីខេត្ត និងអាជ្ញាធរខេត្តដើម្បីសុំចេញប្លង់រឹង លក្ខណៈជាប្រពន្ធ័តែក្រុមប្រឹក្សាឃុំ ធ្វើការបដិសេដ្ឋមិនយល់ព្រម រាល់ការប្រជុំពិភាក្សារកដំណោះស្រាយទាំង៤ លើកមកហើយនោះ។ បើសិនថ្នាក់ជាលើយល់ព្រមចេញប្លង់ដីលក្ខណៈជាប្រព័ន្ធឲ្យទៅទាំង៥គ្រួសារនោះ គាត់មិនជំទាស់ទេតាមតែថ្នាក់លើយល់ឃើញទៅ។
បើតាមលោក សា លាង ដែលមានដីនៅខាងមុខផ្សារក្រោលគោ បានឲ្យដឹងថា គាត់មិនបានបំពានដីរបស់រដ្ឋនោះទេ ដោយលោកអះអាងថា លោកមានប្លង់រឹងត្រឹមត្រូវតាំងតែពីឆ្នាំ១៩៩៧ ចេញដោយសុរិយោដីស្រុក ខេត្ត និងនាយកដ្ឋានសុរិយោដី ហើយបានស្នើសុំឲ្យមន្ទីរជំនាញធ្វើប្លង់ជាលក្ខណៈជាប្រព័ន្ធត្រឹមត្រូវ ស្របច្បាប់តែលោកមេឃុំក្រោលគោមិនចុះហត្ថលេខាឲ្យ។
ដូច្នេះក្នុងនាមលលោកជាម្ចាស់ដី ត្រូវស្នើសុំឲ្យអាជ្ញាធរខេត្តក៏ដូចជា មន្ទីរនាញជួយរកយុត្តិធម៌ព្រោះលោកមិនបានបំពានដីរបស់អ្នកណានោះទេគឺធ្វើអ្វីទៅតាមច្បាប់តែប៉ុណ្ណោះ៕