(ចិន)៖ ក្រោយពីបានជួបសំដែងការគួរសមជាមួយលោក ហ៊្សូ គីលៀង (XU QI LIANG) អនុប្រធានគណ:កម្មការយោធាមជ្ឈឹម នៃសាធារណៈរដ្ឋប្រជាមានិតចិននៅរដ្ឋធានីប៉េកាំងរួចមក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូចូលជួបសំដែងការគួរសមជាមួយនាយឧត្តមសេនីយ៍ វេ ហ្វេង ហ៊ី (WEI FENG HE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិន។
នាយឧត្តមសេនីយ៍ វេ ហ្វេង ហ៊ី (WEI FENG HE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានថ្លែងថា មានចិត្តសប្បាយរីករាយដែលបានទទួលស្វាគមន៍ លោកអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរដ្ឋធានីប៉េងកាំង។
លោកបានបន្តថា ទំនាក់ទំនងចិន-កម្ពុជា នាពេលនេះ ឈានដល់ចំនុចកំពូល និងល្អណាស់ជាងពេលណាៗទាំងអស់ ជាពិសេសក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៊ី ជីនពីង និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោកបានបញ្ជាក់ថា ប្រទេសចិន គាំទ្រយ៉ាងពេញទំហឹងនូវការដឹកនាំរបស់សម្តេចតេជោ ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសដើម្បីប្រជាជនកម្ពុជា។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយឧត្តមសេនីយ៍ វេ ហ្វេង ហ៊ី (WEI FENG HE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល កងទ័ពនិងប្រជាជនចិនដែលតែងតែគាំទ្រ និងជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍទាំងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ។
លោកឧត្តមសេនីយ៍ឯក បានបន្តថា ប្រទេសទាំងពីរបន្តពង្រឹង ពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិយាយជារួម និងនិយាយដោយឡែក កងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន នឹងបន្តរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ លោកឧត្តមសេនីយ៍ឯក បានស្នើសុំឲ្យភាគីចិនបន្តគាំទ្រ និងជួយដល់ប្រទេសកម្ពុជា ជាពិសេសក្នុងការពង្រឹងសមត្ថភាព កងយោពលខេមរភូមិន្ទ។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំរវាងកងទ័ព ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បំពេញដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនរយ:ពេល ៥ថ្ងៃចាប់ពីថ្ងៃទី២៥ ខែកុម្ភះ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០១៩។
នេះគឺជាជំនួបផ្លូវការទី៣របស់គណៈប្រតិភូកងទ័ពជើង គោកកម្ពុជាដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ទាប់ពីបានពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ HAN WEIGUO មេបញ្ជាកាកងទ័ព ជើងគោកនៃកងទ័ពរំដោះប្រជាជនចិន និងការជួបសំដែងការគួរសមជាមួយឯកឧត្តម XU QI LIANG អនុប្រធានគណ:កម្មការយោធាមជ្ឈឹមនៃសាធារណៈរដ្ឋប្រជាមានិតចិន៕