(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា បានប្រកាសថា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា មិនជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដែលកម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបបានជិត៥០គីឡូក្រាម នៅមជ្ឈមណ្ឌលកម្សាន្ដ រ៉ុក នោះទេ។

​សម្ដេចក្រឡាហោម ស ខេង តាមរយៈ Facebook បានបញ្ជាក់ច្បាស់យ៉ាងដូច្នេះថា «បន្ទាប់ពីការបង្ក្រាបដោយជោគជ័យរបស់កងកម្លាំងនគរបាល លើករណីនេះ ក៏បានកើតមានពាក្យចចាមអារាមថា ករណីបទល្មើសគ្រឿងញៀននេះ មានការពាក់ព័ន្ធនឹងបុគ្គលផ្សេងៗ ដែលខ្ញុំសូមយកឱកាសនេះ ជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋទាំងអស់ជ្រាបថា តាមរយៈការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ មកដល់ពេលនេះសមត្ថកិច្ចរកពុំឃើញភស្តុតាងណាមួយបញ្ជាក់ថា មានការពាក់ព័ន្ធនឹងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានោះទេ»

បន្ថែមពីនេះ ប្រមុខដឹកនាំក្រសួងមហាផ្ទៃ ក៏បានកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រឹង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ រ​បស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានធ្វើប្រតិបត្តិការ​បង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្ត រ៉ុក កាលពីថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០១៩​កន្លងទៅនេះ ដោយរឹបអូសបានវត្ថុតាងថ្នាំញៀនជាច្រើនគីឡូក្រាម និងបានឃាត់ខ្លួនជនសង្ស័យមួយចំនួនផងដែរ​។

សម្ដេច ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រឹង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ រ​បស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានធ្វើប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក កាលពីថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០១៩​កន្លងទៅនេះ ដោយរឹបអូសបានវត្ថុតាងថ្នាំញៀនជាច្រើនគីឡូក្រាម និងបានឃាត់ខ្លួនជនសង្ស័យមួយចំនួនផងដែរ​»។

សូមជម្រាបថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្ថិតក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានឃាត់ខ្លួនជនសង្ស័យ​ជាង៣០០នាក់ ហើយគិតរហូតមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មនុស្សស្ទើរទាំងអស់ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ។

ចំពោះអ្នកមិនមានសារធាតុញៀន ក្រោមការធានាពីឪពុកម្ដាយ ឬអាណាព្យាបាល ហើយអ្នកដែលមានសារធាតុញៀន ត្រូវបញ្ជូនមណ្ឌលកែប្រែ ខណៈដែលជនពាក់ព័ន្ធមួយចំនួនទៀត ស្ថិតក្រោមការឃាត់ខ្លួន និងសួរនាំនៅឡើយ ពាក់ព័ន្ធទៅនឹងសកម្មភាពជួញដូរគ្រឿងញៀននេះ៕