(ព្រៃវែង)៖ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករង និងជាប្រធាននាយកដ្ឋានត្រួតពិនិត្យ ដល់ទីកន្លែងធនាគារជាតិនៃកម្ពុជា បានប្រកាសឲ្យពលរដ្ឋ និងអាជ្ញាធរទូទាំងស្រុកស្វាយអន្ទរ ខេត្តព្រៃវែងទាំងអស់ សូមរាយការណ៍ជាបន្ទាន់ មកធនាគារជាតិនៃកម្ពុជា ប្រសិនបើប្រទះឃើញស្ថាប័ន ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុណាមួយ ដែលយកការប្រាក់ពីពលរដ្ឋកម្ពុជា លើសទី១៨ភាគរយក្នុងមួយឆ្នាំ។
ការអំពាវនាវរបស់លោក គិត សុវណ្ណារិទ្ធ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «វិស័យហិរញ្ញវត្ថុនៅកម្ពុជា» ជូនមន្ត្រីអាជ្ញាធរចាប់ពីថ្នាក់ភូមិ ដល់ថ្នាក់ស្រុកជិត៥០០នាក់ ទូទាំងស្រុកស្វាយអន្ទរ។
ការអំពាវនាវនេះ ជាការឆ្លើយតបទៅនឹងកង្វល់របស់លោក ប៉ិច សុង អភិបាលស្រុក ក៏ដូចសិក្ខាកាមដែលបានលើកឡើង ពីបញ្ហាប្រឈមមួយចំនួន ដើម្បីស្វែងរកការអន្តរាគមន៍ និងដំណោះស្រាយ។
លោក គិត សុវណ្ណារិទ្ធ បន្តថា ដើម្បីបញ្ជៀសបំណុលវ័ណ្ឌកពីការប្រាក់កម្ចី អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តផ្សព្វផ្សាយ និងអប់រំពលរដ្ឋឲ្យយល់ដឹងអំពីច្បាប់ នៃការខ្ចីប្រាក់ការប្រើប្រាស់ប្រាក់កម្ចីឲ្យចំគោលដៅ និងកាតព្វកិច្ចសងប្រាក់។
លោកបន្ដថា ទន្ទឹមនឹងនេះត្រូវសកម្មចូលរួមទប់ស្កាត់ កុំឲ្យប្រជាពលរដ្ឋចាញ់បោក ជនខិលខូចឃោសនា។ ដោយឡែកចំពោះគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវកំណត់គោលនយោបាយឲ្យច្បាស់លាស់ និងដាក់ចេញវិធានការ ចំពោះមន្ត្រី និងបុគ្គលិករូបណា ដែលមិនគោលរពតាមបទបញ្ជា ដែលនាំឲ្យប៉ះពាល់ដល់ប្រតិបត្តិការខ្លួន។
លោក គិត សុវណ្ណារិទ្ធ បញ្ជាក់ «ដើម្បីកុំឲ្យមានការយល់ច្រលំ ដូចរយៈពេលកន្លងមក អាជ្ញាធរគួរបញ្ឈប់សកម្មភាព សហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងប្រតិបត្តិការឥណទានជនបទនានា ក្នុងការដើរទារ ឬប្រមូលប្រាក់ពីប្រជាពលរដ្ឋ ដែលនាំឲ្យមានការយល់ច្រលំថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬប្រតិបត្តិការឥណទានជនបទទាំងនោះ ជារបស់រដ្ឋតទៅទៀត»។
លោកបន្ថែមថា ទោះបីជាវិស័យនេះជួបបញ្ហាប្រឈមខ្លះៗ ប៉ុន្ដែវិស័យនេះបានរួមចំណែក លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។
លោកបញ្ជាក់ថា «គិតត្រឹមឆ្នាំ២០១ ៨ទំហំប្រាក់កម្ចីមាន២២.២៦ទ្រីលានរៀល ស្មើនឹង៥.៥៤ប៊ីលានដុល្លាអាមេរិកត្រូវបានផ្ដល់ឲ្យ អថិតិជនដែលជាអ្នកខ្ចីប្រមាណ២.១៥លាននាក់ ក្នុងក្របខណ្ឌទូទាំងប្រទេស»៕