(អេស្ប៉ាញ)៖ ក្រុមហ៊ុន Cellcard នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ទទួលបានពានរង្វាន់ Ookla លើល្បឿនអ៊ីនធើណេតលឿនជាងគេបំផុត ដែលមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែនៅក្នុងតំបន់បីសំខាន់ៗដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និង ខេត្តព្រះសីហនុ។

ពានរង្វាន់នេះ ត្រូវបានឡើងទទួលដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group លោក Ian Watson នាយកប្រតិបត្តិ និងលោក Jonjon Naval នាយកផ្នែកបច្ចេកវិទ្យា ដែលបានធ្វើដំណើរទៅទីក្រុង បាសេឡូណា សម្រាប់កិច្ចពិភាក្សា និងកិច្ចប្រជុំទាក់ទងទៅនឹងការត្រៀមលក្ខណៈលើបច្ចេកវិទ្យា 5G និងទស្សនៈវិស័យរបស់ Royal Group សម្រាប់ការបំពាក់ប្រព័ន្ធឌីជីថលនៅកម្ពុជា។

ពានរង្វាន់នេះ ត្រូវបានបង្ហាញនៅឯពិធីជាផ្លូវការ ដែលចូលរួមដោយថ្នាក់ដឹកនាំ ពីវិស័យទូរគមនាគមន៍អន្តរជាតិ និងអ្នកជំនាញ អ្នកសារព័ត៌មាន និងអ្នកតំណាងសំខាន់ៗ មកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា (MPTC)។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បានថ្លែងថា ការទទួលពានរង្វាន់ជាថ្មីម្តងទៀ នៅឆ្នាំនេះ ប្រកបដោយភាពរីករាយ និងកិត្តិយសណាស់។

លោកថា «ការទទួលស្គាល់នៅពេលនេះ លើដំណាក់កាលទីបួន នៃការធ្វើតេស្តពី Ookla និងរយៈពេលពីរឆ្នាំពី OpenSignal គឺជាភស្តុតាងនៃការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់បណ្តាញទំនាក់ទំនង លំដាប់ថ្នាក់ពិភពលោកដល់ប្រជាជនកម្ពុជា»

លោកបានបន្ថែមទៀតថា «យើងមិនត្រឹមតែបំពេញតម្រូវការ អ៊ីនធើណេតរបស់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀបចំផែនការសំរាប់អនាគត នៃសេវាកម្មទិន្នន័យ pre-5G និង 5G ដែលល្បឿននឹងនាំមុខគេ។ យើងផ្តោតខ្លាំង លើផែនការរបស់យើង សម្រាប់បច្ចេកវិទ្យា 5G ជាមួយផលិតផល សេវាកម្ម និងអាជីវករលក់ទូទាំងពិភពលោក»

លោកបន្ដថា «ក្រុមហ៊ុន Cellcard និង Royal Group ក៏កំពុងពន្លឿនការផ្លាស់ប្តូរឌីជីថល នៅក្នុងក្រុមហ៊ុនយើងផងដែរ ដែលយើងផ្តល់បុគ្គលិករបស់យើង ជាមួយនឹងឧបករណ៍ជំនាញ និងធនធានដែលត្រូវការ សម្រាប់ការផ្លាស់ប្តូរ ដំណាក់កាលដ៏សំខាន់នេះ»

ជាមួយគ្នានោះ លោក Ian Watson បាននិយាយទៀតថា MWC តែងតែជាកន្លែងប្រមូលផ្តុំគំនិតល្អៗ ដើម្បីស្វែងរក និងធ្វើឲ្យយុទ្ធសាស្រ្តបច្ចេកវិទ្យា សម្រាប់ពេលអនាគត និងដើម្បីធានាឲ្យមានការចាប់យក ភាពច្នៃប្រឌិត និងវឌ្ឍនភាព។

សូមជម្រាបថា Ookla គឺជាក្រុមហ៊ុនស្ថិតនៅពីក្រោយ Speedtest ដែលជាអ្នកនាំមុខគេ ក្នុងការធ្វើតេស្ត និងវិភាគលើប្រព័ន្ធអ៊ីនធឺណិត៕