(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) បានផ្ដល់រង្វាន់លើកទឹកចិត្ត ដល់អ្នកលក់ឆ្នើមរបស់ក្រុមហ៊ុនចំនួន៣៥នាក់ មកពីគ្រប់ខេត្ត-ក្រុងទូទាំងប្រទេសកម្ពុជា។
រង្វាន់ផ្ដល់ជូនអ្នកលក់ឆ្នើមទាំង៣៥នាក់នេះ គឺក្នុងម្នាក់ៗទទួលបានម៉ូតូហុងដាស៊េរីឆ្នាំ២០១៩ ចំនួន១គ្រឿង។ នេះជាការលើកទឹកចិត្តដល់អ្នកលក់ឆ្នើម ដែលបានខិតខំប្រឹងប្រែងលក់លើសកម្រិតកំណត់របស់ក្រុមហ៊ុន។
ពិធីប្រគល់រង្វាន់នេះ រៀបចំឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក ឆុង យឿប ប្រធានផ្នែកលក់នៃក្រុមហ៊ុន ជីប ម៉ុងអ៊ីនស៊ី ឲ្យដឹងថា នេះជាផ្នែកមួយរបស់ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ដើម្បីឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែង និងលើកទឹកចិត្តដល់ដៃគូ ព្រមទាំងបណ្ដាញចែកចាយរបស់ខ្លួននៅកម្ពុជា។
លោក ឆុង យឿប បញ្ជាក់ថា «ក្រុមហ៊ុនពិតជាមានក្ដីសប្បាយរីករាយខ្លាំង ដែលមានដៃគូពោលពេញដោយសមត្ថភាព មួយវិញទៀតក្រុមហ៊ុនពិតជាមានទំនុកចិត្តថា ពួកយើងនឹងបន្តដំណើរទៅមុខទៀតកាន់តែប្រសើរ»។
សូមបញ្ជាក់ថា ក្រុមហ៊ុន CMIC បានបង្កើត និងចុះបញ្ជីនៅកម្ពុជាក្នុងឆ្នាំ២០១៥ និងជាការវិនិយោគរួមរវាងក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅកម្ពុជា ព្រមទាំងក្រុមហ៊ុនស៊ីម៉ង់ត៍ Siam City Cement នៅប្រទេសថៃ។ ក្រុមហ៊ុន CMIC មានដើមទុនសរុបចំនួន២៦២លានដុល្លារអាមេរិក និងផលិតស៊ីម៉ងត៍មានគុណភាពខ្ពស់ សម្រាប់ទីផ្សារលក់រាយ និងទីផ្សារឧស្សាហកម្មដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក មានគុណភាពខ្ពស់នឹងការត្រួតពិនិត្យស្តង់ដារ និងធានាគុណភាពលំដាប់ពិភពលោក។
រោងចក្រ CMIC អាចមានលទ្ធភាពផលិតស៊ីម៉ងត៍រហូតដល់៦,០០០តោនក្នុងមួយថ្ងៃ។ ក្រុមហ៊ុនបានចាត់ទុកស៊ីម៉ងត៍ អូដ្ឋជាផលិតផលសំខាន់ សម្រាប់ផ្គត់ផ្គង់លើទីផ្សារ ដោយត្រូវបានបែងចែកជា២ប្រភេទគឺ៖
១៖ ស៊ីម៉ងត៍អូដ្ឋពណ៌ទឹកក្រូច៖ ផ្ដោតលើគុណភាពល្អស័ក្ដិសម សម្រាប់សំណង់រឹងមាំល្អក៏ដូចជា ការប្រើប្រាស់ក្នុងគោលបំណងទូទៅ។
២៖ ស៊ីម៉ងត៍អូដ្ឋពណ៌បៃតង៖ មានគុណភាពពិសេស និងល្អបំផុតសម្រាប់ការងារបូក៕