(ក្រចេះ)៖ រដ្ឋបាលសាលាខេត្តក្រចេះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានរៀបចំបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នៅសាលមហោស្របខេត្តក្រចេះ ក្រោមអធិបតីភាព លោក វ៉ា ថន អភិបាលខេត្តក្រចេះ លោក នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងអភិបាលរងខេត្ត ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ព្រមទាំងកងកម្លាំងទាំងបីប្រភេទ។
លោក វ៉ា ថន អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃចំពោះពលិកម្ម និងការខិតខំចូលរួមប្រឹងប្រែងយ៉ាងសកម្ម ពុះពារសម្រេចបានលទ្ធផលនានាជាច្រើន ក្នុងរយៈពេលកន្លងទៅនេះ។
លោកបន្តទៀតថា ឆ្នាំ២០១៨កន្លងទៅ ជាឆ្នាំចុងក្រោយ នៃការអនុវត្តកម្មវិធីកំណែទម្រង់ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ហើយក៏ជាឆ្នាំចាប់ផ្ដើមរបស់រដ្ឋាភិបាល សម្រាប់នីតិកាលទី៦ផងដែរ។
សន្និបាតនាពេលនេះ ពិតជាមានអត្ថន័យ និងពិតជាមានសារៈសំខាន់សម្រាប់ទាំងអស់គ្នា ធ្វើការវាយតម្លៃអំពីលទ្ធផលការងារដែលសម្រេចបាន និងរួមគ្នាធ្វើការពិនិត្យ វាយតម្លៃអំពីបញ្ហាប្រឈម ដែលនៅសល់ សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារសម្រាប់អនុវត្តកម្មវិធីកំណែទម្រង់នានា ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
តាមរយៈអង្គសន្និបាត និងធ្វើការបែងចែក ក្រុមពិភាក្សាលើប្រធានបទសំខាន់ៗ ដើម្បីប្រមូលធាតុចូលពីសមាជិក នៃអង្គសន្និបាតទៅលើរបាយការណ៍ និងទិសដៅ ព្រមទាំងគោលការណ៍សំខាន់ៗ សម្រាប់អនុវត្តក្នុងឆ្នាំ២០១៩នេះបន្តទៀត។
ទន្ទឹមនឹងសមិទ្ធផលសំខាន់ៗ ដែលខេត្តសម្រេចបាន នាពេលកន្លងមក លោកបានគូសបញ្ជាក់ថា ខេត្តក៏នៅជួបប្រទះបញ្ហាប្រឈមនានាជាច្រើន ក្នុងក្របខ័ណ្ឌនៃតួនាទី និងការទទួលខុសត្រូវ របស់រដ្ឋបាលខេត្ត ជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធសេវាសាធារណៈជូនប្រជាពលរដ្ឋ បញ្ហាកែទម្រង់ស្ថាប័ន ក្នុងនោះ ការអភិវឌ្ឍន៍មត្ថភាពធនធានមនុស្ស ការចុះបញ្ជីដីធ្លី ការគ្រប់គ្រងដីចំណីផ្លូវ បញ្ហាទឹកស្អាត អគ្គិសនី ក៏នៅមានបញ្ហាប្រឈមជាច្រើន ដែលត្រូវដោះស្រាយ។
ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ក៏នៅមានបញ្ហាប្រឈម ជាពិសេសបញ្ហាគ្រឿងញៀន អំពើឆក់ លួច ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ បញ្ហាគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយជម្លោះនានានៅមូលដ្ឋាន ពិសេសជម្លោះដីធ្លី។ បញ្ហាប្រឈមទាំងនេះ គឺជាប្រធានបទសម្រាប់ពិភាក្សាប្រកបដោយប្រសិទ្ធភាព នូវបញ្ហាប្រឈមទាំងនោះក្នុងសន្និបាតនាពេលនេះ ដើម្បីរួមគ្នាកំណត់វិធានការដោះស្រាយ។
ជាចុងក្រោយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនឯងផ្ទាល់ លោក បានស្នើដល់សមាជិកសមាជិកា នៃអង្គសនិ្នបាត ត្រូវខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីចូលរួមពិភាក្សាឲ្យបានផុសផុល អំពីសមិទ្ធិផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនឹងការផ្ដល់បទពិសោធន៍ល្អៗ សម្រាប់ជាមូលដ្ឋានអនុវត្តទិសដៅការងារឆ្នាំ២០១៩ ឲ្យមានប្រសិទ្ធិភាពថែមទៀត។
គួររំលឹកថា អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងការលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ ប្រព្រឹត្តទៅមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមានសមាជិកសមាជិកចូលរួមប្រមាណជិត៤០០នាក់។
ក្នុងឱកាសនោះដែរ លោក វ៉ា ថន និងលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត ក៏បានប្រគល់លិខិតសរសើដល់ឃុំ/សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ចំនួន៤៤ឃុំ/សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងចំណោម ឃុំសង្កាត់ និងប៉ុស្ដិ៍ទាំង៤៧ផងដែរ៕