(កំពង់ធំ)៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលក្រោមការបញ្ជាពីលោកស្នងការ និងក្រោមការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានចុះបង្ក្រាប និងចាប់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនចំនួន១៤នាក់ នៅស្រុកប្រាសាទសំបូរ និងស្រុកសណ្ដាន់។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យថា កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងនគរបាលរបស់លោក បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនមួយករណីឃាត់ខ្លួនជនសង្ស័យដែលជាមេក្លោងបានម្នាក់ ឈ្មោះ មាស ឆេងអាន ហៅ ឡុញ រួមទាំងថ្នាំញៀនចំនួន៤៣ កញ្ចប់។ បន្ទាប់មកកម្លាំងជំនាញបន្តប្រើប្រាស់ វិធានការជំនាញ ឈានទៅធ្វើការឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀនបានបន្តបន្ទាប់ចំនួន១៣នាក់។
លោកថាការប្រើប្រាស់គ្រឿងញៀន ធ្វើឲ្យខូចសុខភាពក្រុមគ្រួសារ ពិសេសសង្គមជាតិទាំងមូល គ្រឿងញៀនទាំងអស់នេះហើយធ្វើឱ្យមនុស្សដែលប្រើប្រាស់ បាត់បង់នូវសតិបញ្ញាស្មារតី ហ៊ានធ្វើសកម្មភាពផ្សេងៗ ទៅលើឪពុកម្ដាយអ្នកដទៃឆក់ប្លន់កាប់សម្លាប់ដើម្បីខ្លួនឯង។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានផ្ដាំផ្ញើសូមឲ្យបងប្អូនទាំងអស់ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតសុភមង្គលក្រុមគ្រួសារ និងសង្គមជាតិ ដូចនេះសូមឲ្យឪពុកម្ដាយប្រជាពលរដ្ឋទាំងអស់ តាមដានកម្មភាពកូនចៅរបស់បងប្អូន ពេលមានសកម្មភាពអ្វីផ្សេងៗ ត្រូវរាយការណ៍មកអ្នកមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានរបស់បងប្អូន៕