(សៀមរាប)៖ បច្ចុប្បន្នថ្នាំជក់សម្លាប់មនុស្ស ប្រមាណជាង៧លាននាក់ ទូទាំងពិភពលោកក្នុងមួយឆ្នាំ ដែលគិតជាមធ្យមប្រមាណជា១៦.៤៣៨នាក់ ក្នុងមួយថ្ងៃ ក្នុងនោះ មានអ្នកស្រូបផ្សែងបារីពីគេ ចំនួន៦សែននាក់។ ខណៈនៅកម្ពុជាក្នុងមួយឆ្នាំៗ ប្រជាពលរដ្ឋជាង១ម៉ឺននាក់ស្លាប់ បណ្តាលមកពីជំងឺដែលបង្កដោយ ការប្រើប្រាស់ថ្នាំជក់។
តួលេខទាំងអស់នេះ ត្រូវបានលើកឡើងដោយលោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការជំរុញទីក្រុងសៀមរាប ជាទីក្រុងគ្មានផ្សែងបារី និងពិធីប្រគល់ពានបេតិកភណ្ឌអង្គរ គ្មានផ្សែងបារី ដល់អាជ្ញាធរអប្សរា» នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅសណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប ដោយមានការចូលរួមពីលោក ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា, លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប រួមនិងវត្តមានអស់លោក លោកស្រី ដែលបានចូលរួមពិធីនេះ ប្រមាណជា១២០នាក់។
មន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនេះ បានថ្លែងយ៉ាងដូច្នេះថា «បរិស្ថានគ្មានផ្សែងបារី Smoke-Free ជាបរិបទមួយដែលពិភពលោក ក៏ដូចជាតំបន់បាន និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលអាចប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងពិភពលោក។ បច្ចុប្បន្នថ្នាំជក់សម្លាប់មនុស្ស ប្រមាណជាង៧លាននាក់ ទូទាំងពិភពលោកក្នុងមួយឆ្នាំ ដែលគិតជាមធ្យមប្រមាណជា ១៦.៤៣៨នាក់ ក្នុងមួយថ្ងៃ ក្នុងនោះមានអ្នកស្រូបផ្សែងបារីពីគេចំនួន៦សែននាក់»។
លោកបានបន្ដថា អ្នកស្លាប់ទាំងនោះ គឺបណ្តាលមកពីជំងឺមហារីកសួត ដាច់សរសៃឈាមខួរក្បាល មហារីក មាត់ គាំងបេះដូង ក្រិនសរសៃឈាម មហារីកក្រពះ ប្លោកនោម។ល។ ចំពោះស្ត្រីដែលមានគភ៌ ក៏អាចធ្វើឲ្យទារកកើតមកខ្វះទម្ងន់ និងមានរាងកាយមិនគ្រប់លក្ខណៈ ហើយបើគ្មានវិធានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពទេ នៅឆ្នាំ២០៣០ថ្នាំជក់អាចនឹងសម្លាប់មនុស្ស៨លាននាក់ ក្នុងមួយឆ្នាំ ហើយ៨០% នៃអ្នកស្លាប់ គឺស្ថិតនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
អនុរដ្ឋលេខាធិការរូបនេះ បានបញ្ជាក់ដែរថា នៅកម្ពុជាក្នុងមួយឆ្នាំៗ ប្រជាពលរដ្ឋប្រមាណជាង១ម៉ឺននាក់ស្លាប់ ជារៀងរាល់ឆ្នាំបណ្តាលមកពីជំងឺ ដែលបង្កដោយការប្រើប្រាស់ថ្នាំជក់។ ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នចូលជាសមាជិកអនុសញ្ញា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងការគាំទ្រ និងប្តេជ្ញាអនុវត្តតាមគោលការណ៍ណែនាំ ដែលមានចែងក្នុងអនុសញ្ញារបស់អង្គការសុខភាពពិភពលោក ដើម្បីកាត់បន្ថយការប្រើប្រាស់ ថ្នាំជក់ និងរួមចំណែកផលប៉ះពាល់លើសុខភាព បរិស្ថាន និងសេដ្ឋកិច្ច។
នៅក្នុងអង្គសិក្ខាសាលានោះ លោក ហោ សារុន តំណាងលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងសំខាន់ៗចំនួនរួមមាន៖
*ទី១៖ផ្សព្វផ្សាយដល់អ្នកចូលរួមនូវច្បាប់ ស្តីពីការត្រួតពិនិត្យថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្ត ក្រោមច្បាប់នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្ត
*ទី២៖យល់ដឹងអំពីអត្ថន័យជាសកល នៃទីក្រុងគ្មានផ្សែងបារី និងឧត្តមានុភាព (ការអនុវត្តល្អបំផុត) នៅបណ្តាប្រទេសក្នុងតំបន់
*ទី៣៖ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរអប្សរា ក្នុងការអនុវត្ត និងជំរុញរមណីយដ្ឋានអង្គរគ្មានផ្សែងបារី
*ទី៤៖ការចូលរួមចែករំលែកបទពិសោធន៍នានា ដែលកើតមានឡើង ក្នុងមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដើម្បីប្រែក្លាយទីក្រុងសៀមរាប ជាទីក្រុងគ្មានផ្សែងបារី
និងទី៥៖ពិគ្រោះពិភាក្សាអំពីការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលើកទី៧ ស្តីពីទីក្រុងគ្មានផ្សែងបារី ដែលនឹងប្រព្រឹត្តទៅនាខែតុលា ឆ្នាំ២០១៩ខាងមុខ នៅខេត្តសៀមរាប។
លើសពីនេះ លោកអះអាងថា កម្ពុជាមានតំបន់បេតិកភណ្ឌអង្គរ ជាតំបន់គ្មានផ្សែងបារី ហើយចុងឆ្នាំ២០១៩នេះ នឹងជំរុញឲ្យទីក្រុងសៀមរាប ជាទីក្រុងគ្មានផ្សែងបារីផងដែរ ហើយឆ្នាំ២០១៩នេះ ក៏ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំថ្នាក់តំបន់អាស៊ី ប៉ាស៊ីហ្វីកលើកទី៧ ស្តីពី បរិស្ថានគ្មានផ្សែងបារីនៅទឹកដីអង្គរដ៏ល្អបវរនៃយើង៕