(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមក្នុងពិធីបំពាក់គ្រឿង ឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោក Philippe STEINMETZ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា។
ពិធីនេះក៏មានការចូលរួមពីលោក លោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជាជាច្រើនរូបផងដែរ។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី លឹម គានហោ បានលើកឡើងអំពីទំនាក់ទំនងដ៏យូរលង់រវាងកម្ពុជា ជាមួយសាធារណរដ្ឋបារាំង ជាពិសេសលើទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងក្រសួងធនធានទឹក និងឧតុនិយម ជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលក្នុងពេលកន្លង ក៏ដូចជាបច្ចុប្បន្ន គឺភាគីបារាំង ពិសេសទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានជួយដល់ក្រសួងយ៉ាងច្រើន ទាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ផ្នែកឧតុនិយម និងការបណ្តុះបណ្តាលធនធានមនុស្ស។
យោងលើស្នាដៃ និងសមិទ្ធផលទាំងអស់នេះហើយ ដែលព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនដល់លោក Philippe STEINMETZ តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកស្រី Eva Nguyen Binh ក្នុងនាមប្រទេសបារាំងបានបញ្ជាក់ថា ជាការពិតហើយដូចដែលលោករដ្ឋមន្រ្តី បានលើកឡើងប្រទេសបារាំង និងកម្ពុជា គឺមានទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្នាដ៏យូរលង់ ហើយការទទួលនូវគ្រឿងឥស្សរិយយសរបស់លោក Philippe STEINMETZ នៅពេលនេះ គឺជាសក្ខីភាពមួយ ដែលបញ្ជាក់ថាកម្ពុជា និងបារាំងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាបន្ថែមទៀត។
ជាមួយគ្នានេះ លោក Philippe STEINMETZ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា បានសម្ដែងនូវមនោសញ្ចេតនារំភើប រីករាយយ៉ាងក្រៃលែង ដែលលោកមានកិត្តិយសបានទទួលនូវគ្រឿងឥស្សរិយយសនៅពេលនេះ ហើយលោកក៏សូមថ្លែងនូវអំណរគុណចំពោះរដ្ឋមន្រ្តី លឹម គានហោ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសូមអរព្រះគុណចំពោះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលបានប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ដល់រូបលោកនៅពេលនេះ ហើយរូបលោកក្នុងនាមជានាយកទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) នឹងនៅតែបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អបន្ថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជាមួយក្រសួងធនធានទឹក និងឧតុនិយម៕