(កំពត)៖ ដូនចាស់ជរាគ្មានទីពឹងម្នាក់ បានទទួលចំណាយថវិកាប្រមាណជិត៥ពាន់ដុល្លារ សម្រាប់សាងសង់ ពីសប្បុរសជន គឺម្ចាស់គម្រោងកំពតឋានសួគ៌ លោក ឈួន បូរី ។
លោក ឈួន បូរី ជាអ្នកបណ្តុះបណ្តាល ផៃ្នកចលនទ្រព្យមួយរូប បានចុះជួយដល់លោកយាយចាស់ជរាម្នាក់ នៅឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត និងបាននាំយកនូវគ្រឿងបរិភោគជូនដល់លោកយាយ ឃើញផ្ទះគាត់ទ្រុតទ្រោម លោក បូរី នឹងជួយសាងសង់ផ្ទះជូនដូនចាស់មួយខ្នង ដែលគ្រោងអស់ទឹកប្រាក់ប្រមាណជិត៥០០០ដុល្លារ ព្រមទាំងបង្គន់អនាម័យផងដែរ។
លោកក៏បានអំពាវនាវទៅដល់សប្បុរសជនផ្សេងៗផងដែរថា ដោយមើលឃើញការលំបាក របស់លោកយាយរស់នៅមានការខ្វះខាត សូមបងប្អូនអាចចូលរួមតាមទឹកចិត្តជួយដល់គាត់ផង ព្រោះគាត់អត់មានសាច់ញាតិទេ។
សូមជម្រាបថា នេះមិនមែនជាលើកទីមួយទេ ដែលម្ចាស់គម្រោងខាងលើ បានធ្វើការងារសប្បុរសធម៌ ពោលកន្លងមកគាត់បានចូលរួមជួយឧត្ថម្ភកុមារកំព្រា និងការងារសង្គមមួយចំនួនទៀតផងដែរ៕