(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានកំណត់ថា រថយន្តក្រឡុកស៊ីម៉ង់ត៍ អាចធ្វើចរាចរណ៍បាននៅម៉ោង៩ព្រឹក ប៉ុន្តែត្រូវផ្អាកនៅក្នុងម៉ោងដែលកម្មករ បុគ្គលិក សិស្សានុសិស្សចេញពីសាលារៀន និងចេញពីបំពេញការងារនោះ គឺនៅម៉ោង១១ព្រឹក ម៉ោង២រសៀល និងម៉ោង៥ល្ងាច ត្រូវផ្អាកការធ្វើចរាចរណ៍វិញ។
ការកំណត់ម៉ោងនេះបានធ្វើឡើង ខណៈអភិបាលរាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានកោះអញ្ជើញអាជ្ញាធរខណ្ឌទាំង១២ សមត្ថកិច្ចពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ នៅក្នុងរាជធានីភ្នំពេញទាំងអស់ មកប្រជុំដើម្បីណែនាំពីការងារមួយចំនួន ពាក់ព័ន្ធនឹងការហាមរថយន្តធំៗ ចេញ-ចូលក្រុង ខណៈដែលរាជធានីភ្នំពេញកំពុងប្រឈម នឹងការកកស្ទះចរាច0ររាល់ថ្ងៃ។
នៅក្នុងកិច្ចប្រជុំនេះ លោកថា សម្រាប់រថយន្តក្រឡុកស៊ីម៉ង់ត៍ ដែលត្រូវបំពេញការងាររបស់ខ្លួន ស្របពេលដែលវិស័យសំណង់នៅក្នុងរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចំរើន គឺរថយន្តប្រភេទនេះអាចអនុញ្ញាតឲ្យចេញ ចូលក្នុងរាជធានីភ្នំពេញ នៅអំឡុងពេលថ្ងៃបាន ដោយកំណត់ពេលវេលាច្បាស់លាស់។
លោក ឃួង ស្រេង បានពន្យល់ផងដែរថា ពាក់ព័ន្ធរថយន្តក្រឡុកស៊ីម៉ង់ត៍ មិនឲ្យចូលក្នុងរាជធានីនៅពេលថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញ អាចឃាត់មិនឲ្យចូលក្នុងរាជធានីភ្នំពេញបាន ប៉ុន្តែសំណួរសួរថា តើការធ្វើសកម្មភាពក្រឡុកស៊ីម៉ង់ត៍ សាងសង់សំណង់ក្តុងក្តាំងរំខាន ដល់ប្រជាពលរដ្ឋនៅពេលយប់ ប្រជាពលរដ្ឋដេកមិនបាននោះ ពួកគាត់ច្បាស់ជាមិនសុខចិត្តទេ ហើយនឹងធ្វើការថ្កោលទោស អាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុនសំណង់ជាក់ជាមិនខានឡើយ។ ដូច្នេះទេយើងដាច់ខាត ត្រូវតែមានជម្រើសមួយឲ្យបានច្បាស់លាស់នោះគឺ ការកំណត់ពេលវេលា និងម៉ោងច្បាស់លាស់ដើម្បី ឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍អាចចេញ-ចូល តាមពីម៉ោងកំណត់ដូចខាងលើនេះហើយ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានជំរុញឲ្យម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ទាំងអស់ ត្រូវតាមដាន និងត្រួតពិនិត្យទៅលើអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍ទាំងអស់ ចៀសវាងឲ្យបាននូវការប្រើប្រាស់គ្រឿងញៀន យើងត្រូវរួមគ្នាឲ្យរាជធានីភ្នំពេញ របស់យើងមានសណ្ដាប់ធ្នាប់ល្អប្រសើរ។
សូមបញ្ជាក់ថា រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន CPAC ពណ៌ស ពាក់ស្លាកលេខក្រុងព្រះសីហនុ 5A-0143 បានដាច់ហ្វ្រាំងបុកម៉ូតូរះម៉ូតូចំនួន៤គ្រឿង និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសសរុប៤នាក់ (ស្រី២នាក់) នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចស្តុបមុខវិទ្យាល័យបឹងត្របែក តាមផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយនេះ ទាំងអាជ្ញាធរ និងសមត្ថកិច្ចបានទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីមហាជន ដោយសារតែអនុញ្ញាតឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍ចូលក្រុងខុសម៉ោង និងខុសតម្រាយផ្លូវ។ រំលងបានមួយថ្ងៃទាំងអភិបាលរាជធានីភ្នំពេញ និងស្នងការបានបញ្ជាឲ្យនគរបាលចរាចរ ស្ទាក់ចាប់រថយន្តក្រឡុកស៊ីម៉ង់ត៍ បានជាច្រើនគ្រឿងផងដែរ៕