(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវ និងលើកទឹកចិត្ត ដល់ធុរជននិងក្រុមហ៊ុនជប៉ុន ឱ្យចាប់ឱកាសចូលមកវិនិយោគ ឬចាប់ដៃគូវិនិយោគជាមួយ ក្រុមហ៊ុនកម្ពុជាឲ្យបានច្រើន។ លោកអះអាងថា ក្រសួងរៀបចំដែនដីកម្ពុជា រង់ចាំផ្តល់កិច្ចសហការ សម្របសម្រួល និងផ្តល់សេវាគ្រប់យ៉ាង ជូនវិនិយោគិនទាំងអស់ដោយសេចក្តីរីករាយ។
លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវបែបនេះ ក្នុងឱកាសដែលលោក និងលោក Fumihiko YUKI អនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន អញ្ជើញជាអធិបតី បើកវេទិកាពិសេសសាធារណៈ-ឯកជន ស្តីពី «ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន» លើកទី១ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានក្រុមហ៊ុនជប៉ុនចំនួន៥៨ និងក្រុមហ៊ុនកម្ពុជាចំនួន១២៣ បានចូលរួម។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងថា តាមរយៈយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ រាជរដ្ឋាភិបាលកម្ពុជា ផ្តោតយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម និងការអភិវឌ្ឍទីក្រុង តាមគោលការណ៍ទីក្រុងឆ្លាតវៃ ក្នុងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការជំរុញអភិវឌ្ឍ និងពង្រឹងការអនុវត្តគោលនយោបាយ ច្បាប់ និងបទដ្ឋានបច្ចេកទេសពាក់ព័ន្ធ។ រាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យអនុវត្តន៍ គោលនយោបាយជាតិ ស្តីពីការរៀបចំដែនដីនៃកម្ពុជា ដោយបានកំណត់ច្បាស់ អំពីតំបន់ដែលមានសក្តានុពល សម្រាប់ការអភិវឌ្ឍ និងការអភិរក្សធនធានធម្មជាតិ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច មានជាអាទិ៍ ប៉ូលអភិវឌ្ឍរាជធានីភ្នំពេញ សៀមរាប និងព្រះសីហនុ ទីប្រជុំជនតាមព្រំដែន និងតាមបណ្តោយអ័ក្សអភិវឌ្ឍសេដ្ឋកិច្ច។
លោកបន្តថា «ខ្ញុំអំពាវនាវ និងលើកទឹកចិត្ត ដល់ធុរជន និងក្រុមហ៊ុនជប៉ុន ចាប់ឱកាសដ៏ប្រសើរនេះ ចូលមកវិនិយោគ ឬចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនកម្ពុជា។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់របស់កម្ពុជា រង់ចាំផ្តល់កិច្ចសហការ សម្របសម្រួល និងផ្តល់សេវាគ្រប់យ៉ាង ក្រោមសមត្ថកិច្ចរបស់ខ្លួន ជូនវិនិយោគិនទាំងអស់ដោយសេចក្តីរីករាយ»។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងទៀតថា រាជរដ្ឋាភិបាលក៏បានសម្រេច ដាក់ឱ្យប្រើប្រាស់នូវប្លង់គោល ប្រើប្រាស់ដីរាជធានីភ្នំពេញ ផែនការរៀបចំដែនដីខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ប្លង់គោលប្រើប្រាស់ដីក្រុង និងទីប្រជុំជន ចំនួន០៨ រួមមាន ក្រុងបាត់ដំបង ក្រុងតាខ្មៅ ក្រុងកំពត ក្រុងកែប ក្រុងសៀមរាប ទីប្រជុំជនទីរួមខេត្តត្បូងឃ្មុំ ទីប្រជុំជនស្រុកជ្រៃធំ និងទីប្រជុំជនស្វាយអន្ទរ និងផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ចំនួន៨០។ ផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ចំនួន៩០ និងផែនការរូបវ័ន្តផ្សេងទៀត កំពុងជំរុញអនុម័តជាបន្តបន្ទាប់។
ជាផ្លែផ្កានៃនគរូបនីយកម្ម ការអភិវឌ្ឍអចលនទ្រព្យ និងសំណង់ បានក្លាយជាសសរស្តម្ភស្នូល ដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែង ទុនវិនិយោគក្នុងវិស័យសំណង់ក្នុងរយៈពេល ១០ឆ្នាំ ពី២០១០ ដល់២០១៩ មានប្រមាណ ៤៣,៨៩៦លានដុល្លារសហរដ្ឋអាមេរិក។ នៅខែមករា ឆ្នាំ២០១៩ ទុនវិនិយោគក្នុងវិស័យនេះ មានប្រមាណ ៨២៩លានដុល្លារ កើនឡើង១៧៨% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៨។
លោកបានបន្ថែមថា ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ ដែលមានអាជ្ញាបណ្ណ មានចំនួន២,៣០៧ក្រុមហ៊ុន មានស្ថាបត្យករប្រមាណជាង ២,៥០០នាក់ និងមានវិស្វករប្រមាណជាង ៣០,០០០នាក់។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កម្ពុជា បាននិងកំពុងសហការជាមួយក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ ជប៉ុន រៀបចំច្បាប់ស្តីពីសំណង់ និងបទដ្ឋានគតិយុត្តផ្សេងទៀតផងដែរ។
ជាមួយនឹងការអភិវឌ្ឍនគរូបនីយកម្ម ដែលកំពុងមានកំណើនក្នុងសន្ទុះដ៏លឿន យើងអាចមើលឃើញ ពីតម្រូវការវិនិយោគជាច្រើន មានជាអាទិ៍ ការអភិវឌ្ឍសំណង់លំនៅឋាន សំណង់ពាណិជ្ជកម្ម សំណង់សេវាកម្ម សំណង់ឧស្សាហកម្ម សំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិស្ថាន សេដ្ឋកិច្ច សង្គម ពិសេសការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ បណ្តាញផ្លូវ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ប្រព័ន្ធលូនិងប្រព័ន្ធការពារទឹកជំនន់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹងនិងរាវ លំហសាធារណៈនិងផ្ទៃបៃតង បរិក្ខាទីក្រុង ដែលសុទ្ធសឹងជាដំណោះស្រាយ ដ៏មានប្រសិទ្ធភាពសម្រាប់គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព មានបរិយាប័ន្ន មានភាពធន់ និងមានភាពប្រកួតប្រជែង ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។
ឧបនាយករដ្ឋមន្ត្រីជឿជាក់ថា ប្រធានប្រតិភូ និងក្រុមហ៊ុនទាំងអស់ នឹងបន្តបង្កើនសកម្មភាព ជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន លើវិស័យផ្សេងទៀត។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រការផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន តាមរយៈលោកអនុរដ្ឋមន្ត្រី YUKI Fumihiko អំពីការចូលរួមរបស់ជប៉ុន ក្នុងក្របខ័ណ្ឌនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន ដែលក្នុងនោះក៏មានទីក្រុងទាំង៣ របស់កម្ពុជា គឺរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង និងអំពីការជំរុញរៀបចំវេទិកាសាធារណៈ-ឯកជន ស្តីពីការអភិវឌ្ឍនគរូបនីយកម្មអាស៊ាន-ជប៉ុន ផងដែរ៕