(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ឆ្នាំ២០១៨ ចំណូលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រកចំណូលពីពន្ធនៃការនាំចូលទំនិញបានជាង ១០ទ្រីលានរៀល ស្មើនឹងប្រមាណ ២,៥០០លានដុល្លារអាមេរិក។
លោកបណ្ឌិត គុណ ញឹម បានឲ្យដឹងផងដែរថា ចំណូលនៅឆ្នាំ២០១៨ កើនជាង ៣២% ធៀបនឹងឆ្នាំ២០១៧។ លទ្ធផលចំណូលនេះត្រូវប្រមាណជា ១២១.៤% នៃផែនការប្រចាំឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០១៨។
បើប្រៀបធៀបនឹងឆ្នាំ២០១៧ លទ្ធផលចំណូលតាមប្រភេទពន្ធនិងអាករសំខាន់ៗដែលប្រមូលដោយគយមានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះ ពន្ធគយ (ពន្ធនាំចូល) មានកំណើនជាង ១៨%, អាករពិសេសកើន ៤២.៤% និងអាករលើតម្លៃបន្ថែម (VAT)កើន ៣០.៧%។ នេះបើតាមការបញ្ជាក់របស់លោកអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍ស្តីពីចំណូលពន្ធគយ និងរដ្ឋាករត្រូវបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃពុធ ០៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ពិធីនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរ។
បើតាមលោកបណ្ឌិត គុណ ញឹម ប្រភពចំណូលពន្ធ និងអាករសំខាន់ៗសម្រាប់ឆ្នាំ២០១៨រួមមាន៖ ១. យានយន្ត និងគ្រឿងចក្របានដើរតួនាទីប្រមាណជិត ៤៦%នៃចំណូលសរុប, ២. ប្រេងឥន្ធនៈ និងថាមពលប្រមាណ ២០%នៃចំណូលសរុប និងទី៣. ទំនិញចម្រុះ និងគ្រឿងសំណង់មានសមាមាត្រជាង ៣៤%នៃចំណូលសរុប។
ទន្ទឹមនឹងការងារប្រមូលចំណូលចូលថវិកាជាតិបានលើសផែនការហើយនោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានសម្រេចនូវសមិទ្ធផលនានាផ្សេងទៀតដូចជាការចូលរួមកសាងបទប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធនឹងគយ, ការធ្វើវិចារណកម្មតារាងពន្ធគយកម្ពុជា, ការពង្រឹងការងារបង្ការនិងបង្រ្កាបអំពើរត់គេចពន្ធ, ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នមានសមត្ថកិច្ចផ្សេងទៀតនៃរាជរដ្ឋាភិបាល, កិច្ចសហការជាមួយវិស័យឯកជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ, ការបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធអគាររដ្ឋបាលគយនានា ព្រមទាំងការងារសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលបានឧបត្ថម្ភសម្រាលទុក្ខលំបាកដល់គ្រួសារមន្ត្រីគយជាច្រើន។
លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់មន្ត្រីគយ និង រដ្ឋាករគ្រប់រូប។ ទន្ទឹមនេះលោកអគ្គបណ្ឌិតសភាចារ្យ ក៏បានទទួលស្គាល់នូវបញ្ហាប្រឈមនានា ដែលជាកត្តាប៉ះពាល់ដល់ប្រតិបត្តិការប្រមូលចំណូល និងបានលើកទឹកចិត្តឲ្យមន្ត្រីគយ និងរដ្ឋាករត្រូវខិតខំបន្ថែមទៀត សម្រាប់ការងារនាពេលខាងមុខ ជាពិសេសក្នុងបរិបទនៃកំណែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជរដ្ឋាភិបាលចាប់ពីដើមឆ្នាំ២០១៩ នេះតទៅ។
ជាមួយគ្នានេះលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំសម្រាប់អនុវត្តនាឆ្នាំ២០១៩ ដោយសង្កត់ធ្ងន់លើការងារចំនួន ០៩ចំណុចរួមមាន៖
១.ត្រូវបន្តពង្រឹងនូវអភិបាលកិច្ចល្អក្នុងអង្គភាព និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីគយនិងរដ្ឋាករ និងត្រូវប្រកាន់ខ្ជាប់អភិក្រម ៥ប្រការ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
២. ជំរុញលើកកម្ពស់អនុលោមភាពវិស័យឯកជនតាមរយៈអនុវត្តឲ្យបានហ្មត់ចត់នូវក្រមសីលធម៌ជើងសាគយ និងលើកទឹកចិត្តដល់ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់ ប៉ុន្តែដាក់ទណ្ឌកម្មចំពោះក្រុមហ៊ុនដែលរំលោភបំពានច្បាប់។
៣. ត្រូវផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដូចជាកាត់បន្ថយនិងធ្វើសាមញ្ញកម្មនីតិវិធីគយ តាមរយៈការធ្វើវិមជ្ឈការ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា។
៤. ត្រូវបន្តពង្រឹងយន្ដការពិគ្រោះយោបល់ជាមួយវិស័យឯកជន ដោយត្រូវស្ដាប់កង្វល់ និងបញ្ហាប្រឈម និងប្រឹងប្រែងរកដំណោះស្រាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
៥. លើកកម្ពស់វប្បធម៌អនុលោមភាព និងវប្បធម៌សារពើពន្ធ តាមរយៈការជំរុញឲ្យមានអនុលោមភាពដោយស្ម័គ្រចិត្ត ទន្ទឹមគ្នានឹងការចាត់វិធានការទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធគ្រប់ប្រភេទនៅគ្រប់ភូមិសាស្រ្តនៃដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យបានជាប្រចាំដូចភ្លៀងរលឹម។
៦. ត្រូវបន្តពង្រឹងការងារបច្ចេកទេសគយ ការងារគោលនយោបាយពន្ធអាករគយ និងបន្តធ្វើវិចារណកម្មតារាងពន្ធគយកម្ពុជា ការវាយតម្លៃផលប៉ះពាល់លើចំណូល ការកែលម្អសេវាដោយរួសរាយរាក់ទាក់ ប៉ុន្តែហ្មឺងម៉ាត់ដាច់ខាតក្នុងការអនុវត្តច្បាប់។
៧. ត្រូវជំរុញបញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រជំរុញការអនុវត្តច្បាប់ និងយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន ដែលឯកសារទាំង២នេះមានសារៈសំខាន់ និងជាផ្នែកមិនអាចខ្វះបាននៃកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលគយ។
៨. ត្រូវពិនិត្យ និងកែសម្រួលឡើងវិញនូវអនុក្រឹត្យស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ និងអនុក្រឹត្យស្ដីពីទំនិញហាមឃាត់ និងជាប់កម្រិតកំណត់ និងត្រូវចាត់វិធានការ សំដៅពង្រឹងតួនាទីនិងភារកិច្ចទទួលខុសត្រូវ ក្នុងបរិបទនៃការធ្វើកំណែទម្រង់ស្ថាប័ន។
៩. ត្រូវអនុវត្តប្រកាសស្ដីពីកម្រៃសេវាផ្សេងៗរបស់គយ និង ការកាត់បន្ថយកម្រៃស្កែន ៥០% ចាប់ពីថ្ងៃទី០១ ខែ មេសា ឆ្នាំ២០១៩នេះតទៅ។
ក្នុងឱកាសនោះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានបំពាក់គ្រឿងឥស្សរិយយស និងបណ្ណសរសើរជូនដល់មន្ត្រីគយ និងរដ្ឋាករមានស្នាដៃមួយចំនួនផងដែរ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងបំពេញការងារជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា៕