(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានកោះអញ្ជើញអាជ្ញាធរខណ្ឌទាំង១២ សមត្ថកិច្ចពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ នៅក្នុងរាជធានីភ្នំពេញទាំងអស់ មកប្រជុំដើម្បីណែនាំពីការងារមួយចំនួន ពាក់ព័ន្ធនឹងការហាមរថយន្តធំៗ ចេញ-ចូលក្រុង ខណៈដែលរាជធានីភ្នំពេញកំពុងប្រឈម នឹងការកកស្ទះចរាចររាល់ថ្ងៃ។
ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង បានឲ្យដឹងថា រថយន្តធុនធំដឹកទំនិញគ្រប់ប្រភេទ ចាប់ពីថ្ងៃនេះទៅ មិនមានការអនុញ្ញាតឲ្យចេញចូលរាជធានីភ្នំពេញនៅពេលថ្ងៃជាដាច់ខាត ចាប់ពីម៉ោង៦ ព្រឹករហូតដល់ម៉ោង៩យប់។
ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ មិនអនុញ្ញាតឲ្យចេញ-ចូល រាជធានីភ្នំពេញជាដាច់ខាត ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៩យប់ ដូច្នេះទេអាជ្ញាធរនឹងមានសមត្ថកិច្ចតាមគោលដៅទាំងអស់ ត្រូវពិនិត្យចំពោះការចេញចូលរថយន្តធំយ៉ាងនេះ តែបើមានបញ្ហារថយន្តធំធ្លាយចូលក្រុងតាមគោលដៅណានោះ គោលដៅនោះ គឺជាអ្នកទទួលខុសត្រូវ ចំពោះរដ្ឋរដ្ឋបាលរាជធានី។
យោងតាមស្មារតីអង្គប្រជុំរវាងរដ្ឋបាលរាជធានីភ្នំពេញ និងម្ចាស់ក្រុមហ៊ុនរថយន្តក្រឡុកស៊ីម៉ង់ត៍ បានឯកភាពតាមគោលការណ៍ណែនាំ របស់រដ្ឋបាលរាជធានីចំពោះពេលម៉ោងចេញចូល ដែលបានកំណត់ផងដែរ។
ការចេញបំរាមរបស់អភិបាលរាជធានីភ្នំពេញខាងលើនេះ បានកើតមានឡើង បន្ទាប់ពីព្រឹកម្សិលមិញ មានរថយន្តធំមួយគ្រឿង បានបើកបរខុសម៉ោងកំណត់ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះ គឺរថយន្តមួយគ្រឿងនេះ បានផ្ទុកទំនិញខ្ពស់ហួសហេតុ រហូតមិនអាចបើកចូលក្រោមស្ពានបាន និងបានថយក្រោយហើយក៏ទៅប៉ះបង្កាន់ដៃ ស្ពានបណ្តាលឲ្យរងការខូចខាតផងដែរ។
ក្រោយមានករណីនេះកើតឡើងភ្លាម និងមានការចែករំលែកជាបន្តបន្ទាប់ នៅតាមបណ្តាញសង្គម Facebook នោះ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាឲ្យសមត្ថកិច្ច ឃាត់ទាំងរថយន្ត និងអ្នកបើកបរបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕