(ភ្នំពេញ)៖ ប្រាសាក់ បានក្លាយជាសមាជិកថ្មី នៃវេទិកាហិរញ្ញវត្ថុ សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ដែលជាបណ្តាញសមាជិកភាពលំដាប់ពិភពលោក ដែលប្រមូលផ្តុំនូវស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា និងគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍនានា ដើម្បីចែករំលែកនូវចំណេះដឹង ជំរុញនវានុវត្តន៍ និងពង្រឹងកំណើនរបស់សហគ្រាសខ្នាតតូច និងមធ្យម។
ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើធំជាងគេ និងឈានមុខគេនៅកម្ពុជា ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ជូនដល់អតិថិជន រួមមាន៖ សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ទូទាត់ថ្លៃទំនិញនិងសេវា ផ្ទេរប្រាក់ ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត ជាមួយនឹងបណ្តាញការិយាល័យចំនួន១៧៧ទីតាំង និងបានបំពាក់ម៉ាស៊ីនអេធីអឹមនៅទូទាំងប្រទេស។
លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានថា «សមាជិកភាពនៅក្នុងវេទិកាហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម នឹងគាំទ្រយើងនៅការក្នុងគ្រងជំហរជាអ្នកនាំមុខគេនៅលើទីផ្សារ ជាមួយនឹងបណ្ដាញការិយាល័យ លទ្ធភាពរកប្រាក់ចំណេញ និងសម្ពៀតឥណទានច្រើនជាងគេ ដោយធានាបាននូវកំណើនប្រកបដោយនិរន្តរភាពទៀតផង»។
លោក Matthew Gamser ប្រធាននាយកប្រតិបត្តិ នៃវេទិកាហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម បានមានប្រសាសន៍ថា «អាជីវកម្ម ចំនួន២០០លាន នៅទូទាំងពិភពលោក ត្រូវការការផ្ដល់ហិរញ្ញប្បទាន ដើម្បីវិនិយោគ រីកចម្រើន និងបង្កើតការងារថ្មី។ យើងមានមោទនភាពណាស់ដែលប្រាសាក់ចូលរួមក្នុងបណ្ដាញពិភពលោកនេះ ដែលមានសមាជិកចំនួន១៥០ជុំវិញពិភពលោក ដែលខិតខំធ្វើការ ដើម្បីជំរុញការផ្ដល់សេវាហិរញ្ញវត្ថុ ដល់សហគ្រាសខ្នាតតូច និងមធ្យម»។
ប្រាសាក់ ជាគ្រឹះស្ថានហិរញ្ញវត្ថុនាំមុខគេនៅកម្ពុជា ដែលបានទទួលអាជ្ញាប័ណ្ណ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជាក្នុងឆ្នាំ ២០០៤។ ប្រាសាក់ មានដើមកំណើតមកពីកម្មវិធីមួយ ដែលផ្ដល់មូលនិធិដោយសហភាពអឺរ៉ុប ក្នុងគោលបំណងគាំទ្រ ដល់សហគ្រាសខ្នាតតូចបំផុត ដោយផ្តល់សេវាឥណទាន និងអភិវឌ្ឍវិស័យកសិកម្ម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.prasac.com.kh ៕