(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់ លើការរៀបចំសេចក្តីព្រាងឯកសារទស្សនាទាន ស្តីពីបេសកកម្ម (Mission Statement) របស់ក្រសួងសេដ្ឋកិច្ច ដោយមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំ និងតំណាងនៃគ្រប់អគ្គនាយកដ្ឋាន និងអង្គភាព នៃក្រសួងសេដ្ឋកិច្ច នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ច។
គោលបំណង នៃការរៀបចំបេសកកម្មរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺដើម្បីកំណត់មាគ៌ាដឹកនាំក្រសួង ក្នុងបេសកកម្មដឹកនាំ និងគ្រប់គ្រងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ ឲ្យចូលរួមកាន់តែសកម្ម ក្នុងការជំរុញការអនុវត្តសម្រេច បានដោយជោគជ័យនូវចក្ខុវិស័យ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រចតុ-កោណដំណាក់កាលទី៤ និងផ្សារភ្ជាប់ទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ក៏ដូចជាត្រៀមលក្ខណៈជាស្រេច ក្នុងការគាំទ្រ និងប្រតិបត្តិតាមទិសដៅ ជាយុទ្ធសាស្ត្រផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលកំណត់ក្នុងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ទន្ទឹមនេះ ឯកសារដ៏មានសារៈសំខាន់នេះ នឹងក្លាយក្បាលម៉ាស៊ីនគន្លឹះ និងជាក្របខណ្ឌរួម ក្នុងការកំណត់ផ្លូវដើររបស់ក្រសួង ដោយតម្រូវឱ្យគ្រប់អង្គភាពក្រោមឱវាទ ប្រតិបត្តិទៅតាមផែនការយុទ្ធសាស្ត្រ ដែលបានគ្រោងទុក ព្រមទាំងជាឧបករណ៍វាយតម្លៃ លើការអនុវត្តផែនការយុទ្ធសាស្ត្រថវិការបស់ក្រសួង។
ជារួម ស្ថិតក្នុងបរិបទនៃការអនុវត្តថវិកាកម្មវិធី, ការរៀបចំបេសកកម្មនេះ នឹងត្រូវរៀបចំដោយរំលេច និងកំណត់ទិសដៅអាទិភាព លើចំណុចធំៗមួយចំនួនរួមមាន៖ ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ របស់ក្រសួងរយៈពេល ៥ឆ្នាំ, ការកំណត់សូចនាករសមិទ្ធកម្មគន្លឹះ (KPI) ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, សម្រួចផែនការយុទ្ធសាស្ត្រថវិកា ក៏ដូចជាពង្រឹងប្រសិទ្ធ-ភាព នៃការរៀបចំថវិកាប្រចាំឆ្នាំ ព្រមទាំងរៀបចំផែនការយុទ្ធសាស្ត្រ សម្រាប់កសាង និងអភិវឌ្ឍស្ថាប័ន សំដៅសម្រេចឲ្យបាននូវបេសកកម្មចម្បងៗ របស់ក្រសួង ដូចជា ការដឹកនាំ សម្របសម្រួល និងរៀបចំគោលនយោបាយលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ការដឹកនាំរៀបចំ អនុវត្តគោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសាធារណៈមិនមែនធនាគារ និងការដឹកនាំ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងទ្រព្យសម្បត្តិរដ្ឋ ជាដើម។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ អគ្គលេខាធិការដ្ឋានក្រសួង និងក្រុមការងារតាមអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានខិតខំបំពេញការងារ និងបន្តពង្រឹងកិច្ចសហការគ្នាបន្ថែមទៀត សំដៅសម្រេចបានលទ្ធផល នៃការរៀបចំបេសកកម្មក្រសួង ដោយជោគជ័យ និងប្រកបដោយប្រសិទ្ធភាព៕