(កំពង់ឆ្នាំង)៖ ដើម្បីកាត់បន្ថយការខ្វះខាតទឹកប្រើប្រាស់ ដោយសារគ្រោះរាំងស្ងួត លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើដល់មន្ដ្រីជំនាញ ចុះទៅត្រួតពិនិត្យប្រភពទឹកនានា នៅក្នុងមូលដ្ឋាន ដើម្បីមានវិធានការថែរក្សាការពារ សម្រាប់ទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
ការស្នើយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។ ពិធីនេះ ក៏មានការចូលរួមពីលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងពិធីនេះ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានឲ្យដឹងថា ផ្អែកតាមការព្យាករណ៍ឆ្នាំនេះ ប្រទេសកម្ពុជា អាចមានអាកាសធាតុក្តៅហួតហែង ហើយរដូវប្រាំង ក៏អូសបន្លាយយូរជាងឆ្នាំមុនៗផងដែរ។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ប្រឈមមុខចំពោះបាតុភូតធម្មជាតិនេះ រដ្ឋបាលខេត្ត ត្រូវដឹកនាំសម្របសម្រួល ដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រួតពិនិត្យអំពីប្រភពទឹកនានា នៅមូលដ្ឋាន ទាំងប្រភពទឹក សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងសម្រាប់បង្កបង្កើនផលរដូវ ប្រាំង»។
លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានបន្ថែមទៀតថា ត្រូវវាយតម្លៃអំពីរយៈពេលប្រើប្រាស់ប្រភពទឹកទាំងនេះ ដើម្បីមានវិធានការថែរក្សា ការពារ និងប្រើប្រាស់ប្រភពទឹក ដែលនៅសេសសល់ទាំងនេះ ដោយសន្សំសំចៃ និងផ្តល់អាទិភាព ជាចម្បងសម្រាប់ប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។
ទន្ទឹមនេះ ត្រូវត្រៀមលក្ខណៈ អន្តរាគមន៍ដោះស្រាយទឹកជូនប្រជាជន នៅមូលដ្ឋាន ដែលមានការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ ដោយមិនទុកឲ្យប្រជាជនរងគ្រោះ ដោយសារការខ្វះខាតទឹកប្រើប្រាស់ប្រចាំ ថ្ងៃនោះឡើយ។ នេះជាការគូសបញ្ជាក់បន្ថែម របស់រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ។
លោកបន្ដទៀតថា ព្រមជាមួយនេះ មន្ទីរសុខាភិបាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការណែនាំ អប់រំប្រជាជននៅតាមមូលដ្ឋាន អំពីការថែរក្សាសុខភាព ការបង្ការជំងឺដង្កាត់ ជំងឺឆ្លងរាតត្បាតទាំងមនុស្ស និងសត្វចិញ្ចឹមតាមគ្រួសារ តាមកសិដ្ឋាននានា ព្រមទាំងត្រៀមវិធានការ ជួយអន្តរាគមន៍ក្នុងការព្យាបាលជំងឺទាំងមនុស្ស និងសត្វចិញ្ចឹម ឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី បានលើកឡើងថា ត្រូវអប់រំប្រជាជន ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការអគ្គីភ័យមក លើផ្ទះសម្បែង ចំការដំណាំ ព្រមទាំងចូលរួមការពារភ្លើងឆេះព្រៃ ក្នុងរដូវប្រាំងហួតហែងនេះ។ សមត្ថកិច្ចអគ្គិភ័យ ត្រូវត្រួតពិនិត្យរថយន្តអគ្គិភ័យ និងសម្ភារឧបករណ៍នានាសម្រាប់ពន្លត់អគ្គិភ័យ ដើម្បីត្រៀមលក្ខណៈអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។
បើតាមសេចក្ដីណែនាំ ស្តីពីវិធានការកាត់បន្ថយការខ្វះខាតទឹកប្រើប្រាស់ ដោយសារគ្រោះរាំងស្ងួត របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ថា នៅដើមឆ្នាំ២០១៩នេះ កម្ពុជានឹងទទួលរង (ដោយប្រយោល) ពីឥទ្ធិពលបាតុភូត EI Niro ។
ឥទ្ធិពលនៃបាតុភូតនេះ នឹងបង្កឲ្យធាតុអាកាស នៅកម្ពុជានារដូវប្រាំងនេះ (ពិសេសក្នុងខែមេសា និងខែឧសភា) មានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមា នៅពេលខ្លះអាចហក់ឡើងដល់៤០-៤២អង្សាសេ។ ក្រសួងបានបញ្ជាក់ថា ការកើនឡើងកំដៅនេះ ធ្វើឲ្យមានការខ្វះខាតទឹក សម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃរបស់មនុស្ស និងសត្វ៕