(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ អេង ហួត បានជំរុញលើកទឹកចិត្ដ ដល់សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល (ស.វ.ស) បន្ដខិតខំពង្រឹងការងារស្រាវជ្រាវ បន្ថែមទៀត ដើម្បីពង្រឹងគុណភាពការបណ្ដុះបណ្ដាល និងបង្កើនកិត្យានុភាពនៅលើឆាកជាតិ និងអន្ដរជាតិផងដែរ។
ការថ្លែងបែបនេះរបស់សាស្ដ្រាចារ្យ អេង ហួត ក្នុងឱកាសតំណាងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងជាប្រធានក្រុមប្រឹក្សាភិបាល នៃស.វ.ស អញ្ជើញជាអធិបតីភាព ក្នុងសន្និសីទវិទ្យាសាស្ដ្ររបស់ ស.វ.ស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដែលមានចូលរួមពីមន្រ្តីជាន់ខ្ពស់វិស័យសុខាភិបាល សាស្រ្តាចារ្យ បណ្ឌិត អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ មន្រ្តីរាជការ បុគ្គលិកនិងនិស្សិតស.វ.ស សរុបប្រមាណជិត៣០០នាក់។
ក្នុងឱកាសនោះ សាស្រ្ដាចារ្យ អេង ហួត បានកោតសរសើរចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលបានរៀបចំសន្និសីទនេះឡើង។ លើសពីនោះ សាស្រ្តាចារ្យ បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អាទិភាពលើការកសាងធនធានមនុស្ស ប្រកបដោយគុណភាព ជាពិសេសការកសាងធនធានមនុស្សក្នុងវិស័យសុខាភិបាល»។
ទន្ទឹមនឹងនោះ សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃ ស.វ.ស បានថ្លែងផងដែរថា គោលបំណងសំខាន់ៗ នៃការរៀបចំសន្និសីទវិទ្យាសាស្រ្ត ស.វ.ស នេះឡើង គឺដើម្បីផ្តល់ឱកាសដល់ អ្នកស្រាវជ្រាវ និងនិស្សិត ស.វ.ស ផ្សព្វផ្សាយលទ្ធផល នៃគម្រោងសិក្សាស្រាវជ្រាវទាំងឡាយ ដែលបាននិងកំពុងអនុវត្តនៅ ស.វ.ស ព្រមទាំងបង្កើតជាវេទិកាពិភាក្សាដើម្បីបង្កើន សក្តានុពលនិងឱកាសសម្រាប់សហការជាមួយដៃគូ ក្នុងការរៀបចំគម្រោងសិក្សាស្រាវជ្រាវ នាពេលអនាគត។
សូមជម្រាបថា សម្រាប់សន្និសីទវិទ្យាសាស្រ្តសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលលើកទី២នេះ នឹងមានបទបង្ហាញផ្ទាល់មាត់ (Oral presentation) ចំនួន ៣៥ ប្រធានបទ ដោយបែងចែកជាប្រធានបទពិភាក្សា (Themes) ចំនួន ៧ ប្រធានបទពិភាក្សា ដូចជា ១) ជម្ងឺឆ្លង ២) គ្លីនីក ៣) គុណភាពនៃការថែទាំសុខភាព ៤) ការបង្រៀន និងការរៀន ៥) ភាពស៊ាំនឹងថ្នាំផ្សះ ៦) ជម្ងឺមិនឆ្លង និង ៧) រុក្ខជាតិឱសថ និងផលិតផលសុខាភិបាល។ លើសពីនេះ យើងមានបទបង្ហាញជាផ្ទាំងរូបភាព (Poster Presentations) ចំនួន ២៧ ប្រធានបទ និងស្តង់តាំងបង្ហាញផលិតផលផ្សេងៗចំនួន ១២ ស្តង់៕