(បាត់ដំបង)៖ លោក ឡូយ ចាន់ត្រា ចៅក្រមជំនុំជំរះសាលាដំបូងខេត្តបាត់ដំបង បានសម្រេចឃុំខ្លួនស្រ្តីម្នាក់ ដែលមានមុខរបរជាគ្រូទាយ ឲ្យជាប់ពន្ធនាគាររយៈ៩ខែ ព្រមទាំងពិន័យជាប្រាក់ សងជម្ងឺចិត្តដល់ជនរងគ្រោះចំនួន៥ម៉ឺនដុល្លារ ចំណែកមេគំនិតដែលត្រូវជាក្មួយបង្កើត របស់ជនរងគ្រោះត្រូវរួចផុតពីការចោទប្រកាន់របស់តុលាការ ដោយសារគ្មានមូលដ្ឋានគ្រប់គ្រាន់ ក្នុងករណីឆបោកប្រាក់២៤ម៉ឺនដល្លារ។
ជនរងគ្រោះមានឈ្មោះ ចាង គីមនី រស់នៅភូមិគោរដ្ឋានសង្កាត់អូរអំបិល ក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា បន្ទាប់ពីគាត់ចូលស្តាប់ការប្រកាសសាលក្រម ក្នុងសវនាការរបស់ តុលាការនាកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ថា ជនឆបោកត្រូវជាក្មួយគាត់ ត្រូវបានតុលាការប្រកាសឲ្យរួចខ្លួនពីការចោទប្រកាន់។ ដោយឡែកស្រ្តីឈ្មោះ ជា ស៊ីណាត ត្រូវបានតុលាការ កំណត់ឱ្យសងប្រាក់២៤ម៉ឺនដុល្លារ និងសងជម្ងឺចិត្ត៥ម៉ឺនដុល្លារ ព្រមទាំងឲ្យជាប់ទោស៩ខែ។
ជនរងគ្រោះបានបន្តថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោកមិនពេញចិត្តចំពោះការប្រកាសសាលក្រមនេះដោយលោក ឡូយ ចាន់ត្រា ចៅក្រមជំនុំជំរះសាលាដំបូងខេត្តបាត់ដំបង ដែលបាន សម្រេចដកបទចោទប្រកាន់លើជនជាប់ចោទឲ្យមានសិទ្ធសេរីភាពធម្មតា ក្នុងសំណុំរឿងឆបោកលុយរហូតដល់ចំនួន២៤ម៉ឺនដុល្លារ នៅអំឡុងខែកក្តដា ឆ្នាំ២០១៧កន្លងមក។
ជនជាប់ចោទមានឈ្មោះ មិច គំនិត ភេទប្រុស អាយុជាង៤០ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ ត្រូវជាក្មួយរបស់ជនរងគ្រោះដែរ បានរួមគំនិតជាមួយបក្ខពួកម្នាក់ទៀតឈ្មោះ ជា ស៊ីណាត (ដើរតួជាគ្រូទាយ និងចូលរូប) ដែលជាប់ពាក់ពន្ធ័ក្នុងករណីឆបោក២ ដំណាក់កាលសរុបទឹកប្រាក់ចំនួន២៤ម៉ឺនដុល្លារ ពីជនរងគ្រោះដែលស្ថិតក្នុងស្ថានភាពវ័យចំណាស់ មានជម្ងឺរ៉ាំរ៉ៃជាប់នៅនឹងខ្លួនផង។
ជាមួយគ្នានេះដែរ ជនរងគ្រោះ បានសំណូមពរយ៉ាងទទូចដល់ថ្នាក់លើ ឱ្យជួយអន្តរាគមន៍ ផ្តល់នូវភាពសុក្រិតយុត្តិធម៌មកដល់រូបគាត់ ជាជនរងគ្រោះពិតប្រាកដផង សូមកុំឱ្យមានការលើកលែងទោស ចំពោះអ្នកដែលបានរៀបគម្រោងប្រព្រឹត្តផ្ទាល់ដោយមានឈ្មោះ មិច គំនិត ដែលត្រូវជាក្មួយបង្កើតរបស់គាត់នោះ។
ពាក់ពន្ធ័សំណុំរឿងខាងលើនេះ លោកស្រី ទៀង សំបូរ នាយករដ្ឋបាល និងជាអ្នកនាំពាក្យសាលា ដំបូងខេត្តបាត់ដំបង បានប្រាប់ថា ឈ្មោះ មិច គំនិត ត្រូវបានតុលាការប្រកាសសាលក្រម លេខ១៤៥. ជ. ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយកំណត់ថា ឈ្មោះ មិច គំនិត ត្រូវបានប្រកាសឱ្យរួចបទចោទប្រកាន់ តែស្រ្តីឈ្មោះ ជា ស៊ីណាត តុលាការកំណត់ឱ្យសងប្រាក់ទៅជនរងគ្រោះ ចំនួនប្រាក់២៤ម៉ឺនដុល្លារ និងសងជម្ងឺចិត្ត៥ម៉ឺនដុល្លារ និងឱ្យជាប់ទោស៩ខែ។
គួរបញ្ជាក់ថា កាលពីអំឡុងខែកក្តដា ឆ្នាំ២០១៧ ជនជាប់ចោទជាមួយដៃគូម្នាក់ទៀត បានរៀបគម្រោងប្រើឧបាយកលបោកប្រាស់ យកប្រាក់ពីជនរងគ្រោះលើកទី១ ចំនួន១៥ម៉ឺនដុល្លារ ក្នុងគោលបំណងយកទៅធ្វើរូបសំណាកពីមាសនៅភ្នំគូលែន និងទិញវិញ្ញាណ ព្រលឹងជីវិតពីប្រទេសឥណ្ឌាដើម្បីរំដោះគ្រោះកាចពីជម្ងឺរ៉ាំរ៉ៃច្រើនឆ្នាំ ហើយលើកទី២ បានល្បួងអ្នកជម្ងឺ ជាជនរងគ្រោះយកនូវទឹកប្រាក់ ចំនួន៩ម៉ឺនដុល្លារ ព្រមទាំងគ្រឿងអលង្ការមួយចំនួនបន្ថែមទៀត ដើម្បីដាក់តម្កល់នៅលើអសនៈក្រោមរូបភាពធ្វើកិច្ច ឱ្យបានឆាប់ជាសះស្បើយ ចុងក្រោយជនសង្ស័យក៏យកប្រាក់ និងគ្រឿងអលង្ការទាំងអស់នោះទៅបាត់ទៀត៕