(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក ហែម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានគូសបញ្ជាក់ថា ចំពោះជនអន្តោប្រវេសន្ដ អាចប្រឈមការឃាត់ខ្លួន និងបណ្ដេញចេញពីកម្ពុជា ប្រសិនបើមិនមកដាក់ពាក្យសុំប្រកាស និងសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍នោះទេ ក្នុងអំឡុងពេល៣ខែទៀត រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ គឺបញ្ចប់ឱសានវាទផ្សព្វផ្សាយ អនុក្រឹត្រលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ស្តីពីការលុបចោល និងដកហូតឯកសារ រដ្ឋបាលកម្ពុជា មិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ដោយខុសច្បាប់។
លោកឧត្តមសេនីយ៍ឯក ហែម ថេង បានគូសបញ្ជាក់ទៀតថា នៅក្រោយបញ្ចប់ឱសានវាទនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ប្រសិនបើជនបរទេសអន្តោប្រវេសន្ដ នៅតែបន្តប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត នោះគឺជាបទល្មើសថ្លែងឯកសារ ដោយអាចប្រឈមជាប់ពន្ធនាគារមិនខានឡើយ ដោយសារតែនៅមុនថ្ងៃឱសានវាទ រាល់ឯកសារទាំងឡាយ បានវាយបញ្ចូលតារាងឧបសម្ព័ន្ធ និងត្រូវនិរាកចោលទាំងស្រុង។
ការគូសបញ្ជាក់យ៉ាងដូច្នេះ របស់លោកឧត្តមសេនីយ៍ឯក ហែម ថេង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសលោក និងលោកស្រី យូ សភា អភិបាលរងខេត្តសៀមរាប, លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពន្លឿនផ្សព្វផ្សាយ អនុវត្តអនុក្រឹត្រ ស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះ លោកស្រី យូ សុភា អភិបាលរងខេត្ត បានថ្លែងស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ច ជួយសហការគ្នាផ្សព្វផ្សាយ ឲ្យបានទូលំទូលាយចំពោះជនបរទេស អន្តោប្រវេសន្ដកំពុងកាន់កាប់ប្រើប្រាស់ និងនៅសេសសល់ ដើម្បីឲ្យមកដាក់ពាក្យសុំប្រកាស និងសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ក្នុងការអនុវត្តអនុក្រឹត្រលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្តីពីការលុបចោល និងដកហូតឯកសារ រដ្ឋបាលកម្ពុជាមិនប្រក្រតី។
លោកឧត្តមសេនីយ៍ឯក ហែម ថេង បានថ្លែងថា ការលុបចោល និងដកហូតរាល់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីទាំងឡាយ ដែលជនបរទេសកំពុងកាន់កាប់ ប្រើប្រាស់ គឺជាគោលនយោបាយថ្មីមួយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រង និងលុបបំបាត់ពាក្យចចាមអារ៉ាម ដែលនិយាយថា ប្រទេសកម្ពុជាមានជនអន្តោប្រវេសន៍រស់នៅដោយខុសច្បាប់។
លោកឧត្តមសេនីយ៍ឯក ហែម ថេង បានបន្ថែមថា ដើម្បីឲ្យការអនុវត្តការងារមានភាពរលូន និងទទួលបានភាពជោគជ័យ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវក្រុមការងារអន្តរក្រសួង ដែលមានការចូលរួមចំនួន៤ក្រសួង គឺទី១៖ក្រសួងការបរទេស មានការត្រួតពិនិត្យពីច្បាប់ជាតិ និងអន្តរជាតិ, ទី២៖ក្រសួងយុត្តិធម៌ ដែលមានស្ថាប័នតុលា, ទី៣៖ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងទី៤៖ក្រសួងមហាផ្ទៃ គឺអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
លោកឧត្តមសេនីយ៍ឯកដដែលរូបនេះ ក៏បានធ្វើការអំពាវនាវ និងផ្តាំផ្ញើឲ្យសមត្ថកិច្ចអន្តោប្រវេសន៍ទាំងអស់ សហការជាមួយមន្រ្តីពាកព័ន្ធ ដើម្បីអនុវត្តការងារ ប្រកបដោយតម្លាភាព និងសុក្រឹតភាព ក្នុងគោលដៅចូលរួមគោរពច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ចៀសវាងការរស់នៅដោយមិនមានការទទួលស្គាល់ ពីអាជ្ញាធរ និងរាជរដ្ឋាភិបាលកម្ពុជា។
លោកឧត្តសេនីយ៍ត្រី ជា គឹមសាន ស្នងការរងទទួលផែនអន្តោប្រវេសន៍ខេត្ត តំណាងលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការខេត្ត បានលើកឡើង អំពីរបាយការណ៍យ៉ាងលម្អិត ដែលបានអនុវត្តការងារសម្រេចបាននាពេលកន្លងមក លើជនបរទេសបែបអន្តោប្រវេសន្ដ ដែលបានជំរឿនស្ថិតិរួច មានចំនួន ១,៥២៣គ្រួសារ មនុស្សរួម៤,២៧១នាក់ (ស្រី២,០៧៨នាក់) អាយុ១៨ឆ្នាំឡើង មានចំនួន២,៨៩៥នាក់ (ស្រី១,៤៤៤នាក់) ចែកចេញជា០៣ប្រភេទ។
ក្នុងនោះ ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដកហូតបានសរុបចំនួន៦៧០ឯកសារ មានសៀវភៅស្នាក់(ក២) ចំនួន៣៩២ក្បាល, សៀវភៅគ្រួសារ (ក៤) ចំនួន៥៣ក្បាល, សំបុត្របញ្ជាក់កំណើត/សំបុត្រកំណើតចំនួន១៣៣ច្បាប់, សំបុត្រអាពាហ៍ពិពាហ៍ ចំនួន០៤ច្បាប់, អត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ ចំនួន៨១ប័ណ្ណ, លិខិតឆ្លងដែន ចំនួន០៧ក្បាល៕