(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំង បានលើកឡើងថា កម្ពុជា-ឡាវ នឹងខិតខំ បោះបង្គោលដែលនៅសេសសល់ ឱ្យសម្រេចបាន ១០០% ដើម្បីធ្វើឱ្យព្រំដែនកម្ពុជា-ឡាវ ក្លាយទៅជាព្រំដែនសន្ដិភាព សហប្រតិបត្តិការ និងអភិវឌ្ឍ។
ការលើកឡើងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសលោកបានទទួលជួបជាមួយ លោក អាំផៃ ឃីនដាវង្ស (Amphay KiNDAVONG) ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំនៅកម្ពុជា នៅវិមានមិត្តភាពកម្ពុជា-ចិន។
បើតាមលោក សុខ សុរ័ត្នវឌ្ឍនៈ ជំនួយការផ្ទាល់របស់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឱ្យដឹងថា ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកអំពីទំនាក់ទំនងរវាង ប្រទេសទាំងពីរ ពុំដែលមានបញ្ហាជាមួយគ្នាទេ។ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងថា ត្រូវធ្វើម៉េចឱ្យមានការផ្លាស់ប្ដូរប្រជាជន និងប្រជាជនជាទេសចរក្ដី ជាទំនិញសព្វសារពើក្ដី។
សព្វថ្ងៃយើងមានតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម ដែលប្រជាជនទាំង៣ ប្រទេស នៅទីនោះមានភាពក្រីក្រ ដូចនេះយើងគួរ ក្នុងក្របខណ្ឌសហប្រតិបត្តិការតំបន់ត្រីកោណនេះ ជំរុញឱ្យមានការរីកចម្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជនយើងទាំង៣ប្រទេស។
ជាការឆ្លើយតបឯកអគ្គរដ្ឋទូត បានថ្លែងថា លោកមានការរីករាយដែលបានមកធ្វើជា ឯកអគ្គរដ្ឋទូតឡាវ នៅកម្ពុជា ដែលជាប្រទេសបងប្អូន លោកមានការភ្ញាក់ផ្អើលដោយឃើញការរីកចម្រើនយ៉ាងអស្ចារ្យនៅកម្ពុជា។ លោកបានសន្យាថា នឹងខិតខំធ្វើឱ្យទំនាក់ទំនងប្រទេសយើងទាំង២ កាន់តែរីកចម្រើន និងរឹងមាំដើម្បីជាប្រយោជន៍ នៃប្រជាជនយើងទាំង២៕