(ត្បូងឃ្មុំ)៖ ម្ចាស់អាជីវកម្មអនាម័យស្រុកមេមត់ អ្នកស្រី ភួង បូផា បានស្នើសុំឲ្យលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជួយរកយុត្តិធម៌បន្ទាប់ពីអភិបាលស្រុកមេមត់ បានផ្ដល់សិទ្ធិឲ្យអ្នកផ្សេង ធ្វើអាជីវកម្មប្រមូលសំរាម ខណៈដែលគាត់កំពុងធ្វើអាជីវកម្មនេះ។
អ្នកស្រីភួង បូផា បានប្រាប់ Fresh News ថា អ្នកស្រីបានទទួលសិទ្ធិធ្វើអាជីវកម្មអនាម័យ នៅក្នុងស្រុកមេមត់ ចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ប៉ុន្តែមកដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក៏ស្រាប់តែឃើញមានម្ចាស់អាជីវកម្មថ្មីទៀត បានធ្វើសកម្មភាពយកឡានប្រមូលសំរាម នៅក្នុងស្រុកមេមត់នេះដែរ ខណៈអ្នកស្រីបានទទួលសិទ្ធិបន្តលើ អាជីវកម្មនេះ ចេញដោយមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ។
អ្នកស្រី ភួង បូផា ឲ្យដឹងទៀតថា បន្ទាប់ពីមានហេតុការណ៍ដូច្នេះ អ្នកស្រីក៏បានសួរទៅលោក ចេង ប៊ុណ្ណារ៉ា អភិបាលស្រុកមេមត់ ប៉ុន្តែលោកអភិបាលស្រុក បានប្រាប់វិញថា គាត់បានធ្វើសេចក្តីជូន ដំណឹងឲ្យអ្នកស្រីឈប់ធ្វើអាជីវកម្ម។
តាមអ្នកស្រីភួង បូផា គាត់មិនបានទទួលសេចក្តីជូនដំណឹងរបស់លោកអភិបាលស្រុកមេមត់ទេ រហូតមកដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
ជុំវិញការដកអាជីវកម្មអនាម័យ ក្នុងស្រុកមេមត់ខាងលើនេះ លោក ចេង ប៊ុណ្ណារ៉ា Fresh News មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃនេះ។
អ្នកស្រីភួង បូផា បានឲ្យដឹងដែរថា កន្លងទៅនេះ អ្នកស្រីក៏ធ្លាប់បានធ្វើលិខិតជម្រាបជូនអភិបាលខេត្តត្បូងឃ្មុំ ដើម្បីជួយរកយុត្តិធម៌ផងដែរ ប៉ុន្តែមកដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ អ្នកស្រី មិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ៕