(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានប្រកាសឲ្យមន្ត្រីអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវចាប់ផ្តើមធ្វើជំរឿនចំនួនប្រជាជន គិតចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ តទៅ ដើម្បីគ្រប់គ្រងឲ្យបានទៅលើទិន្នន័យចំនួនប្រជាជន ក្នុងការធ្វើជាមូលដ្ឋានសម្រាប់ការគិតវិភាគ រៀបចំបោះទុនវិនិយោគផ្សេងៗទៅតាមមូលដ្ឋានផងដែរ។
លោក គួច ចំរើន បានលើកឡើងដូចនេះ នាព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយយុទ្ធនាការ ជំរឿនប្រជាជនទូទៅឆ្នាំ២០១៩ នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម។
លោកអភិបាលខេត្តកំពង់ចាម បានថ្លែងថា ការធ្វើជំរឿនប្រជាពលរដ្ឋនេះ មានសារសំខាន់ណាស់ ដែលរយៈពេល១០ឆ្នាំទើបធ្វើជំរឿនម្ដង ដើម្បីរាប់នូវចំនួនប្រជាជន របស់យើង ហើយក្រៅពីនោះក៏នៅមានទិន្នន័យជាច្រើនទៀត បម្រើឲ្យការរៀបចំគោលនយោបាយ និងបម្រើឲ្យការរៀបចំផែនការសកម្មភាពនានា នៅតាមបណ្តាមូលដ្ឋាន នីមួយៗ រួមទាំងការផ្តល់ឱកាស ឲ្យធុរ:ជន មានការចាប់អារម្មណ៍ ទៅលើទិន្នន័យមួយចំនួន ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការគិតវិភាគ ក្នុងការរៀបចំបោះទុនវិនិយោគផ្សេងៗទៅតាមមូលដ្ឋានផងដែរ។
លោកអភិបាលខេត្ត បានបន្តថា ជំរឿនគឺជាការកត់ត្រា ហើយជំរឿននេះ ក៏អាចកំណត់បាននូវកម្រិតរីកចម្រើន ជាពិសេសគឺសម្រាប់ធ្វើជាគោលដៅសកម្មភាពជាបន្ត ដូចជា ការធ្វើគោលនយោបាយ ឬការបោះវិនិយោគទុននាៗផងដែរ ហើយប្រសិនបើយើងគ្រប់គ្រងកំណត់ត្រា ទិន្នន័យតួលេខមិនបានទេ ពិតប្រាកដណាស់ អ្នកវិនិយោគទុនពិតជាមានការលំបាក នៅក្នុងការគិតវិភាគមុនពេល ដែលត្រូវរកបោះទុនមកវិនិយោគនៅក្នុងខេត្តយើង។
លោក គួច ចំរើន បានបញ្ជាក់ថា បណ្តាមន្ទីរអង្គភាព ជាពិសេសអភិបាល ក្រុង-ស្រុក ត្រូវដឹកនាំដោយផ្ទាល់នៅមន្ត្រីរដ្ឋបាលឃុំ-សង្កាត់ ចូលរួមក្នុងការធ្វើជំរឿននេះ ព្រោះថា កិច្ចការជំរឿននេះ គឺមានរយៈពេល ១០ឆ្នាំធ្វើម្តង ដូច្នេះនេះជាឱកាស ដែលមន្រ្តីយើងត្រូវធ្វើការខិតខំប្រឹងប្រែង នៅក្នុងការបំពេញភារកិច្ច ដើម្បីទទួលបានមកនូវទិន្នន័យ ដែលជាទិន្ន័យជាក់លាក់ផងដែរ៕