(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពី ផែនការរៀបចំផ្លាស់ប្តូរទីតាំងរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ពីតំបន់ទីប្រជុំជន ទៅតំបន់ជាយក្រុង ស្ថិតនៅតាមបណ្តោយ ផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបើយោងតាមសេចកក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកុម្ភៈនេះ។
យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងថា ដោយកត្តាសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជា ទទួលបាននូវសករាជពេញលេញ ដោយឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ។ សមិទ្ធផលនៃសុខសន្តិភាព បានធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិ មានការរីកចម្រើនជាបន្តបន្ទាប់ ហើយរាជធានីភ្នំពេញ ក៏មានការអភិវឌ្ឍយ៉ាងឆាប់រហ័សផងដែរ ជាពិសេស វិស័យសេវាដឹកជញ្ជូនសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវថ្នល់ ស្ពានអាកាស សួនច្បារ បណ្តាញលូ ប្រឡាយ អគ្គិសនី ទឹកស្អាត និងសំណង់អគារតូចធំ មានការរីកចម្រើនគួរឱ្យកត់សម្គាល់។
ទន្ទឹមនឹងការរីកចម្រើននេះ ក៏បានធ្វើឱ្យរាជធានីភ្នំពេញ កំពុងជួបនូវបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យដោះស្រាយជាបន្តបន្ទាប់ ក្នុងនោះ បញ្ហារៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ គឺជាបញ្ហាអាទិភាពមួយក្នុងចំណោម បញ្ហាប្រឈមនានា ក្នុងរាជធានីភ្នំពេញ ដែលបញ្ហានេះ មួយចំណែកកើតឡើងដោយសារ កំណើនយានយន្តគ្រប់ប្រភេទ រោងចក្រ សហគ្រាស ឃ្លាំង ស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ បានកើនឡើងយ៉ាងឆាប់រហ័ស និងប្រមូលផ្តុំនៅតាមតំបន់ ទីប្រជុំជន ដែលជាហេតុបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។
ទោះបីជាកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានចាត់វិធានការប្រើប្រាស់គ្រប់មធ្យោបាយ តាមរយៈការអប់រំច្បាប់ចរាចរណ៍ផ្លូវគោក ការរៀបចំបំពាក់បរិក្ខារប្រព័ន្ធចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ របាំងចែកទ្រូងផ្លូវ ការហាមឃាត់មិនឱ្យរថយន្តធុនធំៗ ធ្វើចរាចរនៅពេលថ្ងៃ ការបង្កើតនូវសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ជាពិសេស បានដាក់ចេញនូវសេចក្តីណែនាំ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក៏ដោយ ក៏ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍នៅតែមានការកើន ឡើងគួរឱ្យកត់សម្គាល់។
ដូច្នេះដើម្បីឱ្យរាជធានីភ្នំពេញរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ សូមឲ្យប្រជាពលរដ្ឋជាម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ទីប្រជុំជន ក្នុងរាជធានីភ្នំពេញទាំងអស់ រៀបចំផ្លាស់ប្តូរទីតាំងអាជីវកម្ម របស់ខ្លួនឱ្យទៅស្ថិត នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុង ស្ថាបនាផ្លូវឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីស្ពានព្រែកព្នៅ មហាវិថីឈ្នះ-ឈ្នះ (ផ្លូវកប់ស្រូវ) ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៤ ១០៥ ទៅភ្ជាប់ផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤ ៨៤០ ដោយ កាត់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ដែលគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នឹងរួចរាល់ នៅឆ្នាំ២០២១ ខាងមុខនេះ។
ក្រោយពេលផ្លូវក្រវាត់ក្រុងទី៣នេះ សាងសង់រួចរាល់ រដ្ឋបាលរាជធានីភ្នំពេញ នឹងហាមឃាត់រថយន្តធុនធំ គ្រប់ប្រភេទទាំងអស់ មិនអនុញ្ញាតឱ្យចរាចរ ចូលរាជធានីភ្នំពេញទៀតឡើយ។ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋ ជាម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗទាំងអស់ មេត្តាជ្រាប និងចូលរួមសហការអនុវត្តតាម សេចក្តីជូនដំណឹងខាងលើនេះ ឱ្យបានល្អប្រសើរ៕
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖