(ភ្នំពេញ)៖ ក្រោយពីជាប់ពន្ធនាគារមិនបានប៉ុន្មានថ្ងៃផង ជនត្រូវចោទម្នាក់ដែលពាក់ព័ន្ធសំណុំរឿង រំលោភលើទំនុកចិត្ត និងចេញសែកអត់លុយ កំពុងស្វែងរកកិច្ចអន្តរាគមន៍ ឲ្យបាននៅក្រៅឃុំជា បណ្តោះអាសន្ន។

ជនត្រូវចោទមានឈ្មោះ ខាត់ គន្ធី អាយុ៣១ឆ្នាំ រស់នៅផ្ទះលេខ២៤០ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនត្រូវចោទត្រូវបានលោក វេង ហត់ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចបង្គាប់ឲ្យឃុំខ្លួនកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមការចោទប្រកាន់ពីបទ រំលោភលើទំនុកចិត្ត និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន យោងតាមមាត្រា៣៩១ មាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបថា ជនត្រូវចោទធ្លាប់បានស្នើសុំតុលាការ តាមរយៈមេធាវីឲ្យដោះលែងភ្លាមៗ គ្រាដែលសមត្ថកិច្ចទើបតែចាប់ខ្លួន ប៉ុន្តែតុលាការមិនព្រម ព្រោះជនត្រូវចោទ មិនមានប្រាក់ដាក់តម្កល់ទុកសងជនរងគ្រោះ។ កាលពីពេលថ្មីៗនេះ ជនត្រូវចោទ បានពឹងពាក់សាច់ញាតិមានតួនាទីជាមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ឲ្យជួយធានាសុំនៅក្រៅឃុំ ដោយមិនចាំបាច់មានប្រាក់តម្កល់ទុកសងជនរងគ្រោះនោះទេ តែមកដល់ពេលនេះ តុលាការនៅតែមិនទាន់យល់ព្រមឡើយ។

ជនត្រូវចោទឈ្មោះ ខាត់ គន្ធី ក៏ធ្លាប់ត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីចេញសែកស្អុយ ក្នុងទឹកប្រាក់ជាង២ម៉ឺនដុល្លារឲ្យទៅជនរងគ្រោះឈ្មោះ ឡុង គីមស្រ៊ី ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផងជនត្រូវចោទក៏បានរួចខ្លួនវិញ។ សូមជម្រាបជូនថា ជនត្រូវចោទខាងលើ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនសារជាថ្មី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងភោជនីយដ្ឋាន មួយកន្លែងក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនធ្វើឡើងតាមដីការបស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ កន្លងទៅ។

ពាក់ព័ន្ធបទល្មើសខាងលើ ត្រូវសមត្ថកិច្ចអះអាងថា ជនត្រូវចោទធ្លាប់ធ្វើជាបុគ្គលិកទីផ្សារឲ្យក្រុមហ៊ុនលាយស៊ីម៉ង់ត៍មួយ ដែលមានម្ចាស់ឈ្មោះ លី កញ្ញារិទ្ធិ, ឈ្មោះ សឿន សារីម និងឈ្មោះ ស្វាយ កក្កដា។ ជនត្រូវចោទ បានដើរប្រមូលលុយ ពីអតិថិជន បានជាង១៣ម៉ឺនដុល្លារ មិនប្រគល់ទៅម្ចាស់ក្រុមហ៊ុននោះទេ ទើបក្រុមហ៊ុនបានហៅទៅធ្វើកិច្ចសន្យាសងប្រាក់ និងចេញសែកចំនួន៩សន្លឹក ដើម្បីតម្កល់ឲ្យជនរងគ្រោះ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ រហូតមានការប្តឹងផ្តល់ហើយក៏ត្រូវបានចាប់ខ្លួនតែម្តង៕