(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៩នេះ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តសម្រាប់ អនុវត្តឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការស្តីទី និងជានាយសេនាធិការយោធភូមិភាគទី៥។

សន្និបាតបូកសរុបនេះ មានការចូលរួមពីអភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា មេញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការប្រតិបត្តិការសឹងរងបាត់ដំបង ថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរអង្គភាពនានា អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ តំណាងអង្គការ សមាគម ក្នុងខេត្តជាង៦០០នាក់។

លោក ប៊ុត គឹមស៊ាន បានឡើងធ្វើបទបង្ហាញបញ្ចាំងស្លាយ ពីសកម្មភាពការងារ និងសមិទ្ធផលនានា ដែលរដ្ឋបាលខេត្តបានអនុវត្ត១ឆ្នាំកន្លងមក។ បន្ទាប់មកលោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន បានឡើងធ្វើបទបង្ហាញតាមរយ:ការបញ្ចាំងស្លាយ ជូនអង្គសន្និបាតរៀងខ្លួនផងដែរ៕