(កោះកុង)៖ ឲ្យតែបានទៅដល់សហគមន៍អេកូទេសចរណ៍ជីផាត ភ្ញៀវទេសចរប្រាកដជាជាប់ចិត្តមិនអាចបំភ្លេចបានឡើយ ជាមួយនឹងសម្រស់ទេសភាពដ៏ស្រស់ត្រកាល នាពេលសុរិយារៀបអស្ដង្គត នៅលើដងព្រែកជីផាត រំលេចនូវរស្មីចែងចាំងពីបស្ចិមទិសជះបញ្រ្ចាស់មកលើផែនពសុធា រចនាធម្មជាតិនៅតំបន់នោះឱ្យប្រែទៅជាពណ៌មាសយ៉ាងល្អវិចិត្រ។
ទិដ្ឋភាពដ៏ស្រស់ត្រកាលបែបនេះ ត្រូវបានក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» ប្រទះឃើញ ខណៈដែលកំពុងបំពេញបេសកកម្មរុករកកំណប់ទេសចរណ៍ នៅក្នុងសហគមន៍ អេកូទេសចរណ៍ជីផាត ដែលស្ថិតនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង នាពេលថ្មីៗនេះ។ ជាមួយគ្នានោះ ក្រុមការងារក៏បានសាកសួរព័ត៌មានមួយចំនួន ជាមួយប្រជាសហគមន៍ផងដែរ ពាក់ព័ន្ធនឹងសក្ដានុពលទេសចរណ៍នៅលើដងព្រែកជីផាតនេះ។
ថ្លែងប្រាប់ក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» លោក ទឹម សារ៉ាត់ ដែលជាអ្នកនាំភ្ញៀវទេសចរមើលថ្ងៃលិច និងមើលអំពិលអំពែក បានឱ្យដឹងថា ភ្ញៀវទេសចរដែលមានបំណងចង់ ទៅមើលថ្ងៃលិច និងមើលអំពិលអំពែក អាចធ្វើដំណើរតាមទូកកាណូតទៅចាំមុន ចាប់ពីម៉ោង៤ល្ងាច។
បុរសវ័យចំណាស់សម្បុរស្រអែមរូបនេះបានបន្តថា នៅកន្លែងមើលថ្ងៃលិចនោះវាមានពិសេសត្រង់ថា ទេសភាពស្រស់ស្អាត ស្ងប់ស្ងាត់ អាកាសធាតុត្រជាក់ស្រួលខ្លួន សញ្ចឹងសម្លឹងទៅទិសខាងលិច បន្ធូរអារម្មណ៍បំបាត់អស់ភាពសៅហ្មង ហើយអាចយកម្ហូបអាហារមកញ៉ាំបណ្តើរ មើលថ្ងៃលិចបណ្តើរក៏បាន។
រីឯលោក បុត បឿន ដែលជាអ្នកនាំភ្ញៀវទេសចរមើលថ្ងៃលិច និងមើលអំពិលអំពែកដែរនោះ ក៏បានឱ្យដឹងដែរថា បន្ទាប់ពីមើលថ្ងៃលិចហើយ ភ្ញៀវទេសចរអាចបន្តទៅមើលហ្វូងអំពិលអំពែកតាមដងព្រែក បញ្ចេញពន្លឺជ្រែកស្បៃរាត្រី ជាមួយនឹងពន្លឺភ្លឹបភ្លែតតាមមាត់ព្រែក រំលេចនូវទស្សនីយភាពប្លែកភ្នែក។
លោកបានបន្តថា សម្រាប់ការទស្សនាថ្ងៃលិចដ៏ស្រស់ស្អាតនេះដែរ គឺអាចមើលបាននៅរដូវប្រាំងស្អាតជាងរដូវវស្សា ព្រោះនៅក្នុងរដូវវស្សា មេឃឧស្សាហ៍ភ្លៀង ដែលជាហេតុធ្វើឱ្យភ្ញៀវទេសចរមិនអាចមើលថ្ងៃលិចដ៏ស្រស់ស្អាតនោះទេ។ លើសពីនេះទៀតនោះ បន្ទាប់ពីមើលថ្ងៃលិច និងមើលអំពិលអំពែកដ៏ស្រស់ស្អាតហើយ ភ្ញៀវទេសចរអាចភ្លក្សនូវរសជាតិបង្កងដ៏សែនឆ្ងាញ់នោះផងដែរ ដែលរសជាតិដ៏សែនឆ្ងាញ់នេះ ដោយសារតែពួកវាអាចរស់នៅធន់ជាមួយនឹងទឹកប្រៃផង និងទឹកសាបផង
អ្នកនាំភ្ញៀវទេសចររូបនេះ បានបន្តថា បន្ទាប់ពីមើលថ្ងៃលិច ភ្ញៀវទេសចរក៏អាចជិះទូកនៅតាមមាត់ព្រែក ដើម្បីតាមចាក់បង្កង ចាក់ក្តាមកម្សាន្តផងដែរ។
តាមការបញ្ជាក់របស់មគ្គុទ្ទេសក៍សហគមន៍ទាំងពីរខាងលើ ភ្ញៀវទេសចរភាគច្រើនជាភ្ញៀវបរទេស ហើយនៅពេលដែលពួកគេបានមកដល់ទីនេះ ពួកគេតែងតែស្ងើចសរសើរគ្រប់ៗគ្នាមិនដាច់ពីមាត់ថា ទេសសភាពនៅក្នុងតំបន់អេកូទេសចណ៍ជីផាតនេះពិតជាស្រស់ស្អាត ដែលធ្វើឱ្យពួកគេមិនអាចបំភ្លេចបាននោះទេ និងមិនចង់ត្រលប់ទៅវិញនោះឡើយ។
សូមជម្រាបថា ក្រៅពីមើលថ្ងៃលិច មើលអំពិលអំពែក និងចាក់បង្កងនៅតាមដងព្រែកជីផាត នៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត ភ្ញៀវទេសចរក៏ទស្សនាកម្សាន្តនៅកន្លែងទេសចរណ៍ជាច្រើនទៀតផងដែរ ដូចជា មឈូសបុរាណ និងពាងបុរាណ ដែលមានអាយុកាលជាង ៥០០ឆ្នាំ រូងប្រចៀង អូរទឹកវេទ អូរពាមក្រវាញ អូរក្រូច អូរម្លូ វាលប្រាក់ វាលមាស ត្រពាំងកិត ដំណាក់ខុស ភ្នំត្រងោល ឆាយខ្ពស់ ឆាយជ្រៃ ជាដើម៕