(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ហ៊ុន សំណាង ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ ជាប្រធាននាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជំនួសលោកឧត្តមសេនីយ៍ឯក ហ៊ី ព្រូ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍។
ពិធីប្រកាសឲ្យចូលកាន់តំណែងនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ថោង លឹម អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ថោង លឹម ជំនួសមុខឲ្យនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានធ្វើការថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ឯក ហ៊ី ព្រូ ដែលជាប្រនាយកដ្ឋានចារកម្មចាស់ ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ ខណៈកន្លងមកបានយកអស់កម្លាំងកាយចិត្ត បំពេញការងារទៅតាមភារកិច្ចខ្លួន ដូចដែលថ្នាក់ដឹកនាំបានប្រគល់ជូន។
លើសពីនេះ នាយឧត្តមសេនីយ៍ ថោង លឹម ក៏បានណែនាំដល់ លោកឧត្តមសេនីយ៍ទោ ហ៊ុន សំណាង ប្រធាននាយកដ្ឋានចារកម្មថ្មី ដែលទើបប្រកាសឲ្យចូលកាន់តំណែង ត្រូវតែខិតខំបំពេញការងារ តាមអ្វីដែលថ្នាក់លើទុកចិត្ត និងប្រគល់ជូន។ បន្ថែមពីនេះ ត្រូវតែរួបរួមសាមគ្គីគ្នានៅក្នុងអង្គភាព ដោយមិនត្រូវប្រកាន់បក្ខពួកនិយមអ្វីឡើយ៕