(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានកិច្ចសហការពីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានរៀបចំវេទិកាសាធារណៈ-ឯកជន ស្តីពី «ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន» លើកទី១ ដើម្បីបង្ហាញឱកាសនានា ដល់ក្រុមហ៊ុនចំនួន៦០ មកពីប្រទេសជប៉ុន បានស្វែងយល់ និងចាប់អារម្មណ៍វិនិយោគ នៅប្រទេសកម្ពុជា។
ពិធីនេះបានប្រព្រឹត្តទៅ ក្រោមវត្តមានឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក Fumihiko YUKI អនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន និងលោក BESSHO Kenichi ភារធារីស្ថានទូតជប៉ុន ប្រចាំកម្ពុជា ដោយមានការចូលរួមពី គណៈប្រតិភូនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនវិនិយោគ និងធុរជនជប៉ុនចំនួន៦០ក្រុមហ៊ុនផងដែរ។
វេទិកាពិសេសនេះ ក៏មានការចូលរួមពីក្រុមហ៊ុនវិនិយោគ ក្នុងវិស័យអភិវឌ្ឍអចលនទ្រព្យ សំណង់ ស្ថាបត្យកម្ម លំនៅឋាន ប្រព័ន្ធលូ ធនាគារ និងធានារ៉ាប់រង និងគណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាផងដែរ យ៉ាងច្រើនកុះករផងដែរ។
សូមជម្រាបថា វេទិកាសាធារណៈ-ឯកជន ស្តីពី «ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន» លើកទី១ ត្រូវបានរៀចំឡើងបន្ទាប់ពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានរៀបចំពិធីចុះអនុស្សរណៈកិច្ច សហប្រតិបត្តិការ (MoU) ស្តីពី ការបង្កើតវេទិកាសាធារណៈ-ឯកជន ស្តីពី «ការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុន» កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមសក្ខីភាពពីឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងលោក Fumihiko YUKI ៕