(ភ្នំពេញ)៖ ភោជនីយដ្ឋាន «គ្រឿងហ្គាឌិន» ដែលមានលោក លូ ម៉េង ជានាយកប្រតិបត្ដិ បានជាប់ជ័យលាភីរង្វាន់ពិសេស ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍។

ការប្រគល់ពានរង្វាន់នេះ ត្រូវបានធ្វើឡើង ក្នុងឱកាសសម្តេច​តេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ប្រារព្ធពិធីអបអរសាទរ «ទិវាជាតិ ទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលប្រព្រឹត្តទៅ​ នៅសណ្ឋាគារ​រ៉េស៊ីដង់ សុខា​ភ្នំពេញ។

ក្នុងឱកាសនោះ ​សម្តេច​តេជោ ហ៊ុន សែន បានផ្តល់កិត្តិយស ផ្តល់ជូននូវជ័យលាភីរង្វាន់ពិសេស «រង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍» លើកទី៧ ឆ្នាំ២០១៨-២០១៩ ​ជូន​ដល់លោក លូ ម៉េង នាយកប្រតិបត្ដិ ភោជនីយដ្ឋាន «គ្រឿងហ្គាឌិន» ។

សូមជម្រាបថា ការប្រារព្ធទិវានេះ​ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ​ ការធានាសន្តិសុខ សុវត្ថិភាពពេញលេញ មានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានការផ្តល់សេវាសាធារណៈ ប្រកបដោយបដិសណ្ឋារកិច្ចល្អ ពោលគឺជាទីកន្លែងដែល អាចផ្តល់នូវភាពកក់ក្តៅយ៉ាងពិតប្រាកដសម្រាប់ការរស់នៅពួកគាត់។ គ្រឿងហ្គាឌិន មានអាស័យដ្ឋានផ្ទះលេខ៤៦ ផ្លូវលេខ៣៥២ កែងផ្លូវ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕