(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តធុនធំមួយគ្រឿង បួងចង្កូតមិនទាន់ជ្រុលបុកចូលផ្ទះ ប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតទ្រព្យសម្បត្តិមួយចំនួន តែសំណាងល្អហេតុការណ៍នេះ មិនបណ្ដាលឲ្យមានអ្នករងគ្រោះថា្នក់នោះទេ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតនៅចំណុចស្តុបផ្សារថ្នល់បត់ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកទំនិញធុនធំមួយគ្រឿងម៉ាក FUSO ពណ៌សបៃតង ពាក់ស្លាក តាកែវ 3A-1959 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រៃស ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចស្តុបផ្សារថ្នល់បត់ស្រាប់តែរថយន្តបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតសម្ភារ និងទូរស័ព្ទមួយចំនួន ដែលគិតជាទឹកប្រាក់ជាង៣០០០០ដុល្លារ។ ភ្លាមៗនោះអ្នកបើកបររថយន្តបង្កបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្ដង។ មួយសន្ទុះក្រោយមកក៏ឃើញមានខាងដំណាងរថយន្តបង្ក បានចុះមកធ្វើការដោះស្រាយគ្នាតែមិនត្រូវគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕