(កំពង់ចាម)៖ ក្រៅពីការត្រៀមបង្ការ បង្ក្រាប និងទប់ស្កាត់រាល់បទល្មើសដែលអាច ឬកើតមានក្នុងខេត្តហើយនោះ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបន្ដបញ្ចេញកម្លាំងទ្រង់ទ្រាយធំ ចុះរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍តាមទីប្រជុំជន។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា សម្រាប់ក្រុងកំពង់ចាម កម្លាំងជំនាញផែនសណ្តាប់ធ្នាប់បាន សហការជាមួយកម្លាំងជំនាញ់ផ្នែកសណ្តាប់ធ្នាប់ក្រុងកំពង់ចាមបានចុះរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅចំណុចរង្វង់គល់ស្ពានគីហ្សូណា ផ្សារបឹងកុក ផ្សារធំ និងរៀបចំសណ្តាប់ធ្នាប់ចំណត រថយន្តផ្សារធំ និងបានដាក់ផ្លាកសញ្ញាហាមឈប់នៅតាមបណ្តយផ្លូវភ្លោះចាប់ពីស្ថានីយ៍ប្រេងតេលា រហូតដល់រង្វង់មូលធនាគារជាតិ និងបានណែនាំដល់អ្នករត់រថយន្តឈ្នួលកុំឲ្យដឹកលើសចំណុះ និងដឹកសំពីងសំពោង និងបានចុះត្រួតពិនិត្យគោលដៅដើមទី។

*ស្រុកកំពង់សៀម៖ កម្លាំងជំនាញផ្នែកសណ្តាប់ស្រុកបានចុះសម្រួលចរាចរណ៍ ដល់កម្មកររោងចក្រ និងសិស្សានុុសិស្ស សាលាបឋមសិក្សាអង្គ ស្ថិតនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម។ កម្លាំងពន្ធដារបានសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម, កម្លាំងចរាចរណ៍ផ្លូវគោកខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះត្រួតពិនិត្យការបង់ពន្ធ និងផាកពិន័យលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ។

*ស្រុកជើងព្រៃ៖ កម្លាំងជំនាញផែនការងារសណ្តាប់ធ្នាប់ បានសហការជាមួយ កម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់ស្រុកជើងព្រៃ បានចុះជួយសម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ចំណតរថយន្ត នៅរង្វង់មូលផ្សារស្គន់ និងធ្វើការអប់រំដល់អ្នកបើកបរមិនឲ្យតរាន ខាងក្រោយ និងមិនឲ្យដឹកសំពីង សំពោង។
*ស្រុកព្រៃឈរ៖ កម្លាំងជំនាញផែនការងារសណ្តាប់ធ្នាប់ បានសហការជាមួយ កម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់ស្រុកព្រៃឈរ និងកម្លាំងប៉ុស្តិ៍ជ្រៃវៀន បានចុះជួយរៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ និងបានណែនាំដល់អ្នកបើកបរ រថយន្តឈ្នួលកុំឲ្យដាក់លើសចំណុះ និងដឹកសំពីងសំពោង និងសម្រួលចរាចរណ៍ ដល់សិស្សានុសិស្សនៅទីប្រជុំជនផ្សារព្រៃទទឹង និងបានចុះត្រួតពិនិត្យគោលដៅដើមទី និងរៀបចំសណ្តាប់ធ្នាប់ ដល់អាជីវករលក់ដូរ ទីប្រជុំជនផ្សារព្រៃទទឹង និងធ្វើកិច្ចសន្យា។

*ស្រុកចំការលើ៖ កម្លាំងជំនាញផែនការងារសណ្តាប់ធ្នាប់បានសហការជាមួយ កម្លាំងជំនាញផ្នែកសណ្តាប់ធ្នាប់ស្រុកចំការលើ បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស​ រថយន្តដឹកអ្នកដំណើរដែលកែច្នៃខុស​បច្ចេកទេស និងដឹកឥវ៉ាន់សំពីងសំពោង នៅចំណុចដើមទីចំណុចភូមិ ថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ។

*ស្រុកបាធាយ៖ កម្លាំងផែនសណ្តាប់ធ្នាប់ សហការជាកម្លាំងអធិការស្រុកបាធាយ ចុះសម្រួលចរាចរណ៍តាមដងផ្លូវ និងបានរៀបចំផ្សារភ្នំដិល មិនឲ្យលក់លើផ្លូវជាតិ និងភាស៊ីម៉ូតូចេញ កុំឲ្យមានកកស្ទះចរាចរណ៍។ កម្លាំងផ្នែកសណ្តាប់ធ្នាប់ស្រុកបាធាយ បានចុះត្រួតពិនិត្យល្បឿន នៅលើផ្លូវជាតិលេខ(៦) ចន្លោះ គីឡូម៉ែត៥៧-៥៨ សិ្ថតនៅក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ដែលមានទិសដៅពីត្បូងទៅជើង (ភ្នំពេញ ទៅកំពង់ចាម)៕