(ហាណូយ)៖​ ការប្រកួតបើកឆាកពូល​ F នៃពានរង្វាន់ AFC Cup 2019 របស់ក្រុមណាហ្គាវើល បានបញ្ចប់ហើយ ដោយចាញ់ក្រុមម្ចាស់ផ្ទះ Hanoi FC ក្រុមជើងឯកលីគកំពូលវៀតណាម ដោយលទ្ធផល ១០-០ មុននេះបន្ដិច នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។

នេះគឺជាលទ្ធផលដ៏អាក្រក់មួយ សម្រាប់ក្រុមណាហ្គាវើល បើធៀបនឹងក្រុមផ្សេងៗ ដែលធ្លាប់បានចូលរួមប្រកួតពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ។ ការប្រកួតតង់ទី១ ក្រុមម្ចាស់ផ្ទះ Hanoi FC បានបំប៉ោងសំណាញ់ទីក្រុមលោក មាស ចាន់ណា ចំនួន ៤គ្រាប់ មុនបន្ថែម ៦គ្រាប់ទៀត នៅតង់ទី២ ដើម្បីទទួលបាន ៣ពិន្ទុពេញឈរកំពូលតារាងបណ្ដោះអាសន្ន ។

សម្រាប់ប្រកួតបន្ទាប់របស់ក្រុមណាហ្គាវើល គឺត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុម Yangon United របស់មីយ៉ាន់ម៉ាម្ដង នាថ្ងៃទី១២ ខែមីនាខាងមុខ ។ សម្រាប់ក្រុម Yangon United នេះ ក៏បរាជ័យក្នុងដី សម្រាប់ការប្រកួតថ្ងៃបើកឆាកដូចណាហ្គាវើលដែរ ពោលគឺចាញ់ក្រុម Tampines Rovers របស់សិង្ហបុរី ៣-១ ដែលធ្វើឲ្យក្រុមលេខ៤ នៃលីគកំពូលសិង្ហបុរីនេះមាន ៣ពិន្ទុស្មើក្រុម Hanoi FC៕

]