(ភ្នំពេញ)៖ IDP Education ជាស្ថាប័នធំជាងគេបង្អស់លើពិភពលោក ដែលបានដើរតួនាទី ក្នុងការបញ្ជូនសិស្សនិស្សិត ទៅសិក្សានៅប្រទេសអូស្ត្រាលី អង់គ្លេស ណូវែលហ្សេឡង់ កាណាដា អាមេរិច និងអៀរឡង់ ជាមួយនឹងបទពិសោធន៍ទៅលើការអប់រំអន្តរជាតិទូទាំងពិភពលោកជាង៥០ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ ស្ថាប័នក៏មានវត្តមាននៅប្រទេសកម្ពុជាចំនួន ២៧ឆ្នាំហើយ។

នៅសណ្ឋាគារ ដឺ ហ្រ្កេត ឌ្យូក ភ្នំពេញ (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ កម្មវិធីពិព័រណ៍ការសិក្សា និងអាហារូបករណ៍នៅអូស្រ្តាលី នឹងត្រូវបើកសម្ពោធក្រោមវត្តមានរបស់ Luke Arnold ឯកអគ្គរដ្ឋទូតរងអូស្ត្រាលី និងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩។ កម្មវិធីនេះ នឹងបើកទ្វារទទួលស្វាគមន៍សាធារណៈ ផ្តល់ឱកាសឱ្យសាធារណជន បានជួបជាមួយអ្នកតំណាងមកពី ៣៩ ស្ថាប័នអប់រំពីប្រទេសអូស្រ្តាលីដោយផ្ទាល់ ដើម្បីអោយសិស្សានុសិស្ស និងអាណាព្យាបាលបានស្វែងយល់ពីជម្រើសសិក្សានៅប្រទេសអូស្រ្តាលី។

រៀបចំឡើងជារៀងរាល់ឆ្នាំ ដោយស្ថាប័នអប់រំ IDP កម្មវិធីនឹងផ្តល់ជាវេទិកាសម្រាប់សិស្សានុសិស្ស និងអាណាព្យាបាលកម្ពុជា ដើម្បីជួបជាមួយអ្នកតំណាងមកពីសាលា សាកលវិទ្យាល័យ និងស្ថាប័នអប់រំល្បីៗ ពីជុំវិញប្រទេសអូស្រ្តាលី ដែលពួកគេនឹងផ្តល់នូវប្រឹក្សា និងយោបល់អំពីជម្រើសសិក្សា តម្លៃសិក្សា តម្លៃស្នាក់នៅ និងដំណើរការទិដ្ឋាការទៅកាន់ប្រទេសអូស្រ្តាលីដោយផ្ទាល់។ ស្ថាប័នដែលមានវត្តមាន មានផ្តល់ជាជម្រើសសិក្សា ចាប់ពីថ្នាក់អនុវិទ្យាល័យ និងថ្នាក់បណ្តុះបណ្តាលវគ្គខ្លី រហូតដល់ថ្នាក់បណ្ឌិតផងដែរ។ បន្ថែមទៀតនោះ ក៏មានវត្តមានរបស់មន្រ្តីពីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាផ្នែក ទិដ្ឋាការ ក៏នឹងចូលរួមពិព័រណ៍ការសិក្សានេះផងដែរ។

លោកស្រី Dionne Dionision មន្រ្តីទី១ផ្នែកអន្តោប្រវេសន៍ និងការពារព្រំដែន នាយកដ្ឋានកិច្ចការផ្ទៃក្នុង នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានថ្លែងថា «ប្រទេសអូស្ត្រាលី ត្រូវបានគេស្គាល់ទូទាំងពិភពលោកថា ជាប្រទេសមួយ ដែលមានភាពសម្បូរបែប និងការស្វាគមន៍ ហើយក៏ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលផ្តល់ការអប់រំថ្នាក់ពិភពលោក។ សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ ទិដ្ឋាការសិស្ស និស្សិត ត្រូវបានផ្តល់ជូនសរុបចំនួន ៤២២,៩៥៩ ពីនាយកដ្ឋានកិច្ចការផ្ទៃក្នុង ដែលចំនួននេះកើនឡើង ១១.៣ ភាគរយបើប្រៀបធៀបជាមួយឆ្នាំមុន។

លោកស្រី បន្ដថា «ប្រទេសអូស្រ្តាលី មានកម្មវិធីទិដ្ឋាការសិស្ស និស្សិតដែលនាំមុខគេនៅលើពិភពលោក ក្រោមទម្រង់ Simplified Student Visa Framework (SSVF)។ ទម្រង់ SSVF ធ្វើឱ្យមានភាពងាយស្រួលដល់សិស្ស និស្សិត ដែលមានបំណងចង់ទៅសិក្សា ងាយស្រួលក្នុងការដាក់ពាក្យសុំ និងមានឱកាសទទួលជោគជ័យច្រើន ដែលជំរុញឱ្យរដ្ឋាភិបាលអូស្រ្តាលី មានប្រតិកម្មរហ័ស ទៅលើហានិភ័យនានា និងភាពសុច្ចរិតរវាងគ្នា ស្របពេលដែល កាត់បន្ថយភាពតាន់តឹង សម្រាប់អាជីវកម្មនៅក្នុងវិស័យអប់រំអន្តរជាតិ»

អូស្រ្តាលី បន្តជាទិសដៅសិក្សាដ៏ល្បីល្បាញមួយសម្រាប់សិស្ស និស្សិតកម្ពុជាដែលមានបំណងបន្តការសិក្សារបស់ពួកគេ នៅក្រៅប្រទេស។ លោក ស្រេង ម៉ៅ នាយកស្ថាប័នអប់រំ IDP ប្រចាំកម្ពុជា បានថ្លែងថា «ចំនួននិយោកជកដែលស្វែងរកបុគ្គលិកបញ្ចប់ការសិក្សាពីក្រៅប្រទេស ដែលមានប្រទេសអូស្រ្តាលីជាដើម និងតម្រូវការទៅលើគុណភាព និងជំនាញ ដែលទទួលបានពីការទៅសិក្សានៅស្ថាប័នអប់រំ លំដាប់ពិភពលោកមានការកើនឡើងជាលំដាប់។ ស្របពេលជាមួយគ្នានេះ ចំនួនសិស្ស និស្សិតដែលទទួលស្គាល់ទៅលើចំនុចនេះ និងជ្រើសរើសទៅសិក្សា ដើម្បីទទួលបានសញ្ញាប័ត្រពីស្ថាប័នអប់រំក្រៅប្រទេស ក៏មានការកើនឡើងផងដែរ»

ដោយឡែក មជ្ឈមណ្ឌលអូស្រា្តលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក៏នឹងមានវត្តមានក្នុងកម្មវិធីនេះ ដើម្បីផ្តល់នូវព័ត៌មានទាក់ទងនឹងការសិក្សាភាសាអង់គ្លេស ដើម្បីត្រៀមខ្លួនបំពេញលក្ខខណ្ឌ របស់ស្ថាប័នអប់រំអូស្ត្រាលី។ មន្រ្តីមណ្ឌលប្រលង IELTS ប្រចាំប្រទេសកម្ពុជា ក៏នឹងត្រៀមខ្លួន ផ្តល់ ប្រឹក្សាពី ការចុះឈ្មោះប្រលង និងការត្រៀមប្រលង IELTS។

«កម្មវិធីពិព័រណ៍ការសិក្សា និងអាហារូបករណ៍នៅអូស្រ្តាលី នឹងជួយឱ្យសិស្ស និស្សិតមានអារម្មណ៍ដូចធ្វើដំណើរទៅកាន់ស្ថាប័នអប់រំ នៅទឹកដីអូស្រ្តាលីដោយផ្ទាល់ ពីព្រោះកម្មវិធីនេះ នឹងជួយឱ្យពួកគេមានការជួបពិភាក្សាជាមួយអ្នកតំណាងជាច្រើន ដែលជាជំរុញក្នុងការសម្រេចចិត្ត ទៅលើមុខវិជ្ជា និងការសិក្សាដែលពួកគេកំពុងស្វែងរក» លោក ឈាន វ៉ាន់តាក់ ប្រធានផ្នែកទំនាក់ទំនងសិស្ស និស្សិតទៅសិក្សានៅក្រៅប្រទេសប្រចាំស្ថាប័នអប់រំ IDP កម្ពុជា។

IDP Education គឺជាស្ថាប័នធំជាងគេបង្អស់លើពិភពលោក ដែលបានដើរតួនាទីក្នុងការបញ្ជូនសិស្ស និស្សិត ទៅសិក្សានៅប្រទេសអូស្ត្រាលី ដែលមានការិយាល័យចំនួនជាង ១០០កន្លែង ក្នុង៣០ប្រទេសជុំវិញពិភពលោក។ ការប្រឹក្សា នឹងការបំពេញទម្រង់បែបបទសិក្សា ត្រូវបានផ្តល់ជូនដោយស្ថាប័ន IDP ដោយឥតគិតថ្លៃ។
IDP Education ជាសា្ថប័នដែលចូលរួមបង្កើតឡើង ដោយសាកលវិទ្យាល័យទាំង៣៨ របស់ប្រទេសអូស្រា្តលី៕