ចៅសង្តាត់ស្ទឹងមានជ័យទី២ ដឹកនាំក្រុមកីឡាជិះកង់ដើម្បីសុខភាព និងសប្បុរសធម៌ នៅភូមិឬស្សី ចុះសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋមានជំងឺប្រចាំកាយ
26-02-2019 19:13
(ភ្នំពេញ)៖ លោក ទូច សំអុល ចៅសង្តាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមកីឡាជិះកង់ដើម្បីសុខភាព និងសប្បុរសធម៌ នៅភូមិឬស្សី បានចុះសួរសុខទុក្ខ និងចែកអំណោយ ជូនយុវជនមានជំងឺប្រចាំកាយ ឈ្មោះ ដាត កុសល ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ បច្ចុប្បន្ន យុវជនមានជំងឺប្រចាំកាយ ឈ្មោះ ដាត កុសល កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យសម្តេចឪ។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋមានជំងឺប្រចាំកាយរស់នៅទីតាំងលើនេះ រួមមានថវិកា៨៧ម៉ឺនរៀល មី២កេស និងអង្ករមួយបេ និងសំភារៈប្រើប្រាស់មួយចំនួនទៀត។
ជាមួយគ្នានោះ គ្រួសារដែលទទួលបានអំណោយនាថ្ងៃដដែលនេះ ក៏បានថ្លែងអំណរគុណដល់ លោក ទូច សំអុល ចៅសង្តាត់រងទី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សូមឲ្យមានសុខភាពល្អ និងបន្តដឹកនាំសមាគម ឲ្យមានការរីកចម្រើនទៅមុខទៀត ដើម្បីជួយដល់ជនរងគ្រោះ ជាពិសេសគឺស្រ្តីតែម្តង។
លោក ទូច សំអុល បានលើកឡើងថា សកម្មភាពដែលក្រុមការងារធ្វើនាពេលនេះ គឺជាការចូលរួមចំណែកជួយទៅដល់ប្រជាពលរដ្ឋចាស់ជរា ដែលខ្វះខាត ដើម្បីផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ និងក៏ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ៕