(រតនគិរី)៖ លោកបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូ ចុះសិក្សាស្រាវជ្រាវស្វែងយល់ និងសម្រង់ព័ត៌មានដែលពាក់ព័ន្ធទៅនឹងវិស័យមួយចំនួន ដែលជាសមត្ថកិច្ចរបស់គណៈកម្មការទី៣ នៃព្រឹទ្ធសភា នៅខេត្តរតនគិរី។
នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត ម៉ុង ឬទ្ធី បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើន និងការដឹកនាំរៀបចំហេដ្ឋារចនាសម្ព័ន្ធខេត្តរតនគិរី បានយ៉ាងល្អប្រសើរ បើទោះបីជាខេត្តនៅឆ្ងាយពីរាជធានីយ៉ាងណាក៏ដោយ។
លោកបណ្ឌិត ក៏បានជម្រាបជូនអំពីគោលបំណង ដែលគណៈកម្មការចុះមកនេះ ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាដោយផ្តោតសំខាន់ លើសេវាសាធារណៈ និងលទ្ធផលនៃការអភិវឌ្ឍរបស់ក្រុង-ស្រុក-ឃុំ-សង្កាត់ ក្នុងខេត្ត និងបច្ចុប្បន្នភាព ការងារ និងលទ្ធផលតាមវិស័យដែលពាក់ព័ន្ធ ទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការដូចជា៖ ផែនការវិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ បរិស្ថាន និងផ្សេងៗទៀត ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងការពង្រឹងវិស័យនីតិរដ្ឋនៅកម្ពុជា និងសិក្សាស្វែងយល់អំពីប្រតិបត្តិការវិស័យឯកជន បញ្ហាប្រឈម និងការគ្រប់គ្រងចលនាសហគមន៍កសិកម្មនៅក្នុងខេត្ត។
លោក ថង សាវុន អភិបាលខេត្តរតនគិរី បានសម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះវត្តមានរបស់ប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា ដែលបានបំពេញបេសកកម្មការងារនៅខេត្តភូមិភាគឥសាន្តមួយនេះ។ ព្រមជាមួយគ្នានេះលោកក៏បានរាយការណ៍ សង្ខេបជូនអំពីទីតាំងភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្តជូនគណៈកម្មការបានទទួលជ្រាបផងដែរ៕