(ភ្នំពេញ)៖ ជីប ម៉ុង លែន ប្រកាសបើកច្រកទាំង៥ របស់គម្រោង ដឹ លែនម៉ាក ២៧១ ដែលភ្ជាប់ទៅកាន់វិថីសំខាន់ៗ ចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈតទៅ សម្រាប់ការធ្វើដំណើរឆ្លងកាត់ជាសាធារណៈ។ តាមរយៈគម្រោង ដឹ លែនម៉ាក ២៧១ អ្នកធ្វើដំណើរអាចឆ្លងកាត់ទៅវិញ ទៅមករវាងផ្លូវ២៧១ ផ្លូវ៣៧១ និងមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ កាន់តែឆាប់រហ័សនិងងាយស្រួល។
គម្រោង ដឹ លែនម៉ាក ២៧១ ដែលមានទីតាំងស្ថិតនៅបណ្តោយផ្លូវ២៧១ កែងនឹង៣៧១ និងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ជាគម្រោងដែលមានសក្តានុពលខ្ពស់ លាតសន្ឋឹងលើផ្ទៃដីប្រមាណ៤២ហិចតា ដែលមានវីឡា ផ្ទះការិយាល័យប្រណីត ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល សណ្ឋាគារអន្តរជាតិ ព្រមទាំងមានមជ្ឈមណ្ឌលពាណិជ្ជកម្ម ខុនដូ ក្លឹបហាត់ប្រាណ និងគម្រោងអភិវឌ្ឍន៍អនាគតផ្សេងៗទៀត។
គម្រោង ដឹ លែនម៉ាក ២៧១ នេះមានច្រកចេញ-ចូលទាំងអស់ចំនួន៥ ច្រកទីមួយជាច្រកធំជាងគេមានទំហំផ្លូវ៣០ម៉ែត្រ ចូលតាមមហាវិថីកង យោធពលខេមរភូមិន្ទ ឬផ្លូវ២៧១ សម្រាប់ច្រក៣ ផ្សេងទៀតគឺស្ថិតនៅលើផ្លូវ ៣៧១ នឹងច្រកទី៥ គឺជាច្រកដែលតភ្ជាប់ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ។
ការបើកច្រកទាំង៥ នៃគម្រោង ដឹ លែនម៉ាក ២៧១ គឺជាការចូលរួមចំណែកដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍កាត់បន្ថយពេលវេលា នៃការធ្វើដំណើរ និងផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ។ លើសពីនេះ អតិថិជនទាំងអស់នឹងបានឃើញផ្ទាល់ អំពីវិសាលភាព នៃការអភិវឌ្ឍន៍គម្រោង ដឺ លែនម៉ាក ២៧១ ដែលជាទីក្រុងរណបដ៏ទំនើបមួយនៅក្នុងរាជធានីភ្នំពេញ៕