(ប៉េកាំង)៖ ក្រោយពីបានជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ហាន វេហ្គូ (HAN WEIGUO) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិនរួចមក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូយោធា ចូលជួបសម្តែងការគួរសមជាមួយ លោក ស៊ី គីលៀង (XI QI LIANG) អនុប្រធានគណ:កម្មការយោធាមជ្ឈឹមនៃសាធារណរដ្ឋប្រជាមានិត នៅរដ្ឋធានីប៉េកាំង។
លោក ស៊ី គីលៀង (XI QI LIANG) បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូកងទ័ពជើងគោក ដែលបានមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការ នៅក្នុងទីក្រុងប៉េកាំង នៃប្រទេសចិន។
លោកបានលើកឡើងថា ទំនាក់ទំនងប្រទេសកម្ពុជា និងប្រទេសចិន បានឈានដល់កម្រិតកំពូល ហើយដែលមានរយៈពេលយូរលង់ណាស់មកហើយ។ លោកបានបន្តថា មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ មិនអាចមានប្រទេសណាមកបំបែកបំបាក់បានឡើយ។ កងទ័ពរំដោះប្រជាជនចិន នឹងបន្តគាំទ្រដល់ កងយោធពលខេមរភូមិន្ទ ទាំងការកសាងធនធានមនុស្ស និងសម្ភារៈ។
ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ស៊ី គីលៀង (XI QI LIANG) អនុប្រធាន អនុប្រធានគណ:កម្មការយោធាមជ្ឈឹមនៃកងទ័ពរំដោះប្រជាជនចិន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកងទ័ពជើងគោកកម្ពុជា។
ឧត្តមសេនីយ៍ឯកបានបន្តថា ជំនួបនៃប្រទេសទាំងពីរកម្ពុជា-ចិន នៅពេលនេះ ដើម្បីបន្តពង្រឹង ពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន។ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល កងទ័ពនិងប្រជាជនចិន ដែលមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការរឹងមាំនៅក្នុងដំណើរការកសាងនិងអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន។
ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានស្នើសុំឲ្យភាគីចិនបន្តគាំទ្រ និងសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរសំដៅធ្វើយ៉ាងណា អនុវត្តកិច្ចប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងដ៏រឹងមាំនៃប្រទេសទាំងពីរកម្ពុជា-ចិន។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន និងដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំរវាងកងទ័ព ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បំពេញដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយ:ពេល ៥ថ្ងៃចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងដំណើរបំពេញទស្សនកិច្ច និងស្នាក់នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ភាគីកម្ពុជានឹងជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃកងទ័ពរំដោះប្រជាជនចិនរួមមាន÷សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន អនុប្រធានគណ:កម្មការយោធាមជ្ឈឹមនៃកងទ័ពរំដោះប្រជាជនចិន មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀត៕