(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបើកសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពលោក ឈុន សុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត អាជា្ញធរស្រុក-ក្រុង-ឃុំ-សង្កាត់ និងសភាពាណិជ្ជកម្មខេត្តសរុប២៥០នាក់។
លោក ម៉ៅ ធនិន បានថ្លែងថា រដ្ឋបាលខេត្តដែលបាននឹងកំពុងប្រតិបត្តិការនាពេលនេះ មានគោលបំណងដើម្បីធ្វើការឆ្លុះបញ្ចាំង និងបង្ហាញអំពីលទ្ធផល សមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៨ និងរំលេចឱ្យឃើញនូវបញ្ហាប្រឈមនានា ក្នុងការអនុវត្តតួនាទី ភារកិច្ចគ្រប់មន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធទូទាំងខេត្ត ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកអភិបាលខខេត្ត បានបន្តថា សន្និបាតនេះ ស្របពេលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស កំពុងត្រៀមសាទរខួបលើកទី៤០ ថ្ងៃជ័យជំនះ (៧ មករា ១៩៧៩-៧ មករា ២០១៩) ដែលជាថ្ងៃកំណើតទី២ នៃការរស់ឡើងវិញ របស់ប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំប្រកបដោយបញ្ញាណ និងគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋកម្ពុជានាពេលនេះ ក៏ដូចទៅថ្ងៃអនាគត។
លោក ម៉ៅ ធនិន បានលើកឡើងទៀតថា ដើម្បីឱ្យអង្គសន្និបាតបានប្រព្រឹត្តទៅដោយរលូន និងទទួលបាននូវធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធ ទាំងអស់នោះ មានបទអន្តរាគមន៍ចំនួន៨ របស់អង្គភាព និងស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ក្នុងនោះមានទី១៖ បទអន្តរាគមន៍របស់ ស្នងការដ្ឋាននគរបាលខេត្ត ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក, ទី២៖ មន្ទីរបរិស្ថាន ស្តីពីការទប់ស្កាត់បទល្មើស និងរក្សាការពារធនធានធម្មជាតិ, ទី៣៖ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទទប់ស្កាត់បទល្មើសនេសាទ និងព្រៃឈើ, ទី៤៖ មន្ទីរធនធានទឹកគ្រប់គ្រងទឹកសហគមន៍, ទី៥៖ មន្ទីរកិច្ច ការនារីទប់ស្កាត់អំពើរហិង្សាក្នុងគ្រួសារ, ទី៦៖ មន្ទីររៀបចំដែនដីដោះស្រាយ ទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ, ទី៧៖ អភិបាលក្រុង និងទី៨៖ ប្រធានអង្គភាពច្រកចេញចូលតែមួយ។
រាល់បទអន្តរាគមន៍ដោយផ្តោតសំខាន់ទៅលើលទ្ធផលការងារបញ្ហាប្រឈម ដំណោះស្រាយសំណូមពរ និងចូលរួមផ្តល់យោបល់ឱ្យបានផុលផុស ក្នុងការពង្រឹង និងអនុវត្តទិសដៅ របស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០១៩ ប្រកបដោយប្រសិទ្ធិភាព ស័ក្តិសិទ្ធិ តម្លាភាព និងគណេយ្យភាព ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិទី៦៕