(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីណែនាំ ស្តីពីវិធានការកាត់បន្ថយការខ្វះខាតទឹកប្រើប្រាស់ ដោយសារគ្រោះរាំងស្ងួត ដោយបានជំរុញឲ្យមន្ត្រីរបស់ខ្លួន ត្រូវចុះពិនិត្យដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព។
ក្រសួងបានឲ្យដឹងថា យោងតាមសារាចរណែនាំលេខ ០២ សរណន ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការថែរក្សាទឹកទុក បានបង្ហាញថា នៅដើមឆ្នាំ២០១៩នេះ កម្ពុជានឹងទទួលរង (ដោយប្រយោល) ពីឥទ្ធិពលបាតុភូតអែលនី (EI Niro)។ ឥទ្ធិពលនៃបាតុភូតនេះ នឹងបង្កឲ្យធាតុអាកាស នៅកម្ពុជានារដូវប្រាំងនេះ (ពិសេសក្នុងខែមេសា និងខែឧសភា) មានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមា នៅពេលខ្លះអាចហក់ឡើងដល់៤០-៤២អង្សាសេ។
ក្រសួងបន្តថា ការកើនឡើងកំដៅនេះ ធ្វើឱ្យមានការខ្វះខាតទឹក សម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃរបស់មនុស្ស និងសត្វ។ ដើម្បីកាត់បន្ថយការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ក្រសួងអភិវឌ្ឍន៍ជនបទ សូមធ្វើការណែនាំដល់ លោកប្រធាននាយកដ្ឋានជំនាញ និងលោក លោកស្រីប្រធានមន្ទីររាជធានី-ខេត្ត ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ ដូចខាងក្រោម៖
១៖ ត្រូវចុះពិនិត្យមើល អណ្តូង ស្រះទឹក និងរកវិធីដោះស្រាយជាបន្ទាន់នៅពេល អណ្តូង (ខូច) និងស្រះទឹក (រីងស្ងួត)។
២៖ ត្រូវធ្វើការណែនាំ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដែលងាយរងគ្រោះ ដោយសារខ្វះខាតទឹកឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងប្រើប្រាស់ទឹកដោយលក្ខណៈសន្សំសំចៃ ។
៣៖ ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា អង្គការជាតិ និងអន្តរជាតិដើម្បីឆ្លើយតបភ្លាមៗ ដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ ។
៤៖ ត្រូវធ្វើរបាយការណ៍ និងរាយការណ៍ជាប្រចាំមកក្រសួង ដើម្បីមានវិធានការបន្ទាន់៕