(រតនគិរី)៖ កម្លាំងជំនាញនៃស្នងការនគរបាលខេត្តរតនគិរី នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបើកប្រតិបត្តិការចុះបង្ក្រាប ក្រុមជួញដូរគ្រឿងញៀន ប្រុសស្រីចំនួន៦នាក់ បានជាបន្តបន្ទាប់ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្ម នៅក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីសំណាក់លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអជ្ញារងអមសាលាដំបូង ខេត្តរតនគិរី។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន បានរួមមានឈ្មោះទី១៖ ឈ្មោះ នូវ លីនណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ, ទី២៖ ឈ្មោះតាក់ ម៉ូភេទប្រុស អាយុ៧ឆ្នាំ, ទី៣៖ ឈ្មោះ ចំរើន ដូច ភេទប្រុស អាយុ១៨ឆ្នាំ, ទី៤៖ ឈ្មោះ អ័ន ផល្លី ភេទប្រុស អាយុ៣១ឆ្នាំ, ទី៥៖ ឈ្មោះ អយ សៀវម៉ា ភេទស្រី អាយុ២១ឆ្នាំ និងទី៦៖ ឈ្មោះសេង សុវណ្ណារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ក្រោយពីបានឃាត់ខ្លួនបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន (+) ទាំង០៦នាក់។
វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៦កញ្ចប់, ទូរស័ព្ទ០១គ្រឿង, ជញ្ជីញ០២គ្រឿង, ម៉ូតូ០២គ្រឿង, រថយន្ត០១គ្រឿង, ថង់ច្រកថ្នាំញៀនមួយចំនួនធំ និងសម្ភារសេពមួយចំនួនផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង យករក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅអយ្យកាអមសាលាដំបូងខេត្តរតនគិរី៕