(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Nobert BARTHLE ជាសមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការ នៃប្រទេសអាល្លឺម៉ង់។
ក្នុងកិច្ចជំនួបនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងតែជួយដល់កិច្ចអភិវឌ្ឍន៍កម្ពុជា ដោយសម្ដេចបានបង្ហាញការកត់សម្គាល់ថា រាល់ការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្ដាច់បានពីជំនួយគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់បានឡើយ។
សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់អំពីអភិបាលកិច្ចល្អ និងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ ដោយសម្ដេចបានអះអាងថា បើទោះបីជាមានឧបសគ្គខ្លះមែន ប៉ុន្តែការងារនេះត្រូវបានរាជរដ្ឋាភិបាលប្ដេជ្ញាចិត្តរួចហើយ ថានឹងធ្វើឲ្យបានជោគជ័យ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពមន្ត្រីថ្នាក់ឃុំ-សង្កាត់ ដើម្បីឲ្យពួកគាត់មានលទ្ធភាពកាន់តែច្រើនក្នុងការអភិវឌ្ឍមូលដ្ឋាន តាមយៈការបង្កើនថវិកាតាមឆ្នាំជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដែលរាជរដ្ឋាភិបាលបានកំណត់រួចហើយនោះ។
ប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ កំពុងខិតខំពង្រីកបន្ថែមទៀត នូវការិយាល័យច្រកចេញចូលតែមួយ ដែលបច្ចុប្បនេះ បាននិងកំពុងដំណើរការនៅគ្រប់រាជធានី-ខេត្តប្រមាណជាង៥០កន្លែងរួចហើយ ដើម្បីពង្រឹងការផ្ដល់សេវាជូនពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
ជាមួយគ្នានេះ សមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការ នៃប្រទេសអាល្លឺម៉ង់ បានសម្ដែងការគាំទ្រ និងកោតសរសើរថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេសសម្ដេចក្រឡាហោម ស ខេង តែម្ដង ដែលអាល្លឺម៉ង់ កត់សម្គាល់ឃើញថា បានដឹកនាំអនុវត្តការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានជោគជ័យជាបន្តបន្ទាប់ និងបានដាក់ចេញទិសដៅប្រកបដោយភាពជឿជាក់។
លើសពីនេះលោក Norbert BARTHLE បានជម្រាបជូនសម្ដចក្រឡាហោម ស ខេង ថារដ្ឋាភិបាលអាល្លឺម៉ង់ មានបំណងចូលរួមក្នុងកិច្ចការអភិវឌ្ឍន៍កម្ពុជាជាបន្តទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសការបន្ថែមនូវសមិទ្ធផលថ្មីៗទៀត ដែលអាល្លឺម៉ងបានសហការចូលរួមគាំទ្រកន្លងមក។
បន្ថែមពីនេះ សមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការ នៃប្រទេសអាល្លឺម៉ង់ បានគោរពអញ្ជើញ សម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចនៅសហព័ន្ធអាល្លឺម៉ង់ ក្នុងពេលវេលាសមស្រប ដើម្បីទទួលយក និងផ្លាស់ប្ដូរបទពិសោធន៍បន្ថែមទៀតទៅលើអ្វីដែលជាមូលដ្ឋានៃការកែទម្រង់របស់កម្ពុជា ឲ្យកាន់តែទទួលបានជោគជ័យ៕