(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នឹងលើកយកសំណុំរឿងជនត្រូវចោទ ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងគូកនជាប់ពាក់ព័ន្ធ មកបន្តធ្វើការជំនុំជម្រះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ស្អែកនេះ បន្ទាប់បញ្ចប់ការសួរនាំនៅពេញមួយថ្ងៃទី២៦ ខែកុម្ភៈនេះ។ សវនាការនេះ ដឹកនាំដោយ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ។
ភ្នាក់ងារ Fresh News ប្រចាំតុលាការបានរាយការណ៍ថា សវនាការសួរដេញដោលលើករណីឃាតកម្ម ចេវ វឌ្ឍនា ត្រូវបានបញ្ចប់ហើយពេញមួយថ្ងៃទី២៦ ខែកុម្ភៈនេះ ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ហម ម៉េងសែ បានប្រកាសយកសំណុំរឿងនេះ ទៅបន្តនៅថ្ងៃស្អែក។
សវនាការនេះផងដែរ គឺធ្វើឡើងដើម្បីពន្លឿនរឿងក្តីនេះ ឱ្យឆាប់បានបញ្ចប់ ក្នុងគោលបំណងរកយុត្តិដល់ជនរងគ្រោះ រួមទាំងសាច់ញាតិ ក្រុមគ្រួសារផងដែរ។ នេះបើយោងតាមប្រភព ពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់មកអង្គភាព Fresh News។
មន្ត្រីតុលាការដដែល បានឲ្យដឹងទៀតថា សំណុំរឿងជនត្រូវចោទ ឡាយ វណ្ណៈ និងគូកនជាប់ពាក់ព័ន្ធ មកបន្តជំនុំជម្រះ ដែលត្រូវលើកមកបន្តសួរដេញដោលនេះ គឺពាក់ព័ន្ធសំណុំរឿងឃាតកម្មសម្លាប់នាង ចេវ វឌ្ឍនា ដែលបានប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា នៅក្នុងអំឡុងពេលសវនាការ កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ជនត្រូវចោទ ឡាយ វណ្ណៈ បានសារភាពថា ខ្លួនបានរួមរស់ស្នេហាជាមួយនាង ចេវ សុវឌ្ឍនា ដែលជាស្រីមេម៉ាយកូន៣ ក្នុងនាមគូស្នេហ៍ស៉ីជម្រៅ ប៉ុន្តែជារបៀបលួចលាក់ អស់រយៈពេលជាង១ឆ្នាំ រហូតដល់ថ្ងៃនាងស្លាប់។
ជនត្រូវចោទ ឡាយ វណ្ណៈ បានសារភាពទៀតថា ចំណងស្នេហារវាងលោក និងជនរងគ្រោះ បានកើតឡើង នៅអំលុងខែមិថុនា ឆ្នាំ២០១៦។ នៅក្នុងសវនាការសួរដេញដោល ជនត្រូវចោទ ឡាយ វណ្ណៈ បានរៀបរាប់ថា នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ មុននាងស្លាប់១ថ្ងៃ ខ្លួនបានប៉ះសម្តីគ្នា ជាមួយជនរងគ្រោះ ព្រោះរឿងប្រច័ណ្ឌថា ខ្លួនមានស្រីក្រៅ។ នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ដែលជាថ្ងៃកើតហេតុ ឡាយ វណ្ណៈ បានទៅជួបជនរងគ្រោះ នៅផ្ទះដែលខ្លួនជួលឲ្យស្នាក់នៅ ហើយពេលនោះ ឡាយ វណ្ណៈ និងជនរងគ្រោះបានឈ្លោះគ្នា ព្រោះតែនាងប្រច័ណ្ឌរឿងមានស្រីផ្សេងទៀត និងសុំឲ្យ ឡាយ វណ្ណៈ យកនាងធ្វើប្រពន្ធទី២ ដោយបើកចំហថែមទៀតផង។
ដោយសារតែនិយាយគ្នាមិនត្រូវ ទើបជនជាប់ចោទជិះឡានចេញពីផ្ទះនោះ ទៅពិនិត្យការងារសួននៅក្បែរវិមានឯករាជ្យ ក្នុងខេត្តតាកែវ ដែលពេលនោះនាង ចាន់រី អ្នកបម្រើជនរងគ្រោះ បានទូរស័ព្ទប្រាប់ខ្លួនថា ជនរងគ្រោះយកកាំបិត អារដៃ សុំឲ្យខ្លួនទៅមើលវិញ។ ដោយសារខឹងជនរងគ្រោះពេក លោកបាននិយាយតបតាមទូរស័ព្ទទៅនាង ចាន់រី ថា «បើវាចង់ងាប់ ឲ្យវាងាប់ទៅ ជារឿងរបស់វា។ អញមានការងារអញត្រូវធ្វើ»។
លុះព្រលប់បន្តិចនាង ចាន់រី បានហៅទូរស័ព្ទមកម្តងទៀតថា ជនរងគ្រោះបានចងកសម្លាប់ខ្លួនហើយ ទើបខ្លួនប្រើតៃកុងឡានឈ្មោះ ម៉េន សាម៉ៃ ឲ្យទៅមើល និងហៅទូរស័ព្ទប្រាប់មកវិញថា នាងពិតជាចងកស្លាប់មែន។
ឡាយ វណ្ណៈ បានបញ្ជាក់ទៀតថា ខ្លួនបានផ្តល់ដំណឹងនេះ ហើយក៏ហៅទូរស័ព្ទទៅ ឡាយ ណារិទ្ធ ជាបងប្រុស និងជាស្នងការរង ឲ្យទៅជួយមើលកន្លែងកើតហេតុ។
បើតាមមន្ត្រីតុលាការបញ្ជាក់ថា សវនាការដែលបានធ្វើឡើងពេញមួយព្រឹកនោះ បន្ទាប់ពីតុលាការបានបើកការស៉ើបសួរអស់រយៈពេលជាង៩ខែរួចមក ក្នុងសំណុំរឿងឃាតកម្មសម្លាប់នារី ចេវ សុវឌ្ឍនា ហើយមានលោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងបក្ខពួក៣នាក់ជាជនជាប់ចោទ បានត្រូវតុលាការលើក យកមកបើកសវនាការជំនុំជម្រះ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩។
គួររំលឹកដែរថា លោក កូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ បានសម្រេចចេញដីកាឃុំខ្លួនលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង បក្ខពួក៣នាក់ទៀត ដាក់ពន្ធនាគារបណ្តោះអាសន្ន។ ចំណែកមនុស្សពីរនាក់ទៀត ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ ព្រោះមិនជាប់ពាក់ព័ន្ធ។
ជនសង្ស័យត្រូវចោទទាំង៤នាក់រួមមាន៖ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ម៉េន សាម៉ៃ អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងឈ្មោះ ជឹម វុធ ហៅ ថូត ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា។ ចំណែកមនុស្សពីរនាក់ទៀត ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញមានឈ្មោះ ឈ្មោះ ចាន់ រី ភេទស្រី និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឱ្យលោក ឡាយ ណារិទ្ធ។
លោក ឡាយ វណ្ណៈ អាយុ៤៥ឆ្នាំ និងលោក ឡាយ ណារិទ្ធ អាយុ៤៦ឆ្នាំ ត្រូវជាប់ចោទប្រកាន់ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ ចំណែកឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ និងឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាប់ចោទប្រកាន់ពីបទលាក់បំបាំងតម្រុយ ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ៕