(ភ្នំពេញ)៖ រយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០១៣-២០១៩ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) បានផ្ដល់ជំនួយគាំទ្រជាច្រើនដល់ការអនុវត្តគម្រោងស្តីពី ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជននៅកម្ពុជា ដែលទទួលអនុវត្តរួមគ្នាដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារផ្តល់សេវាសាធារណៈស៊ុយអែត (SPES)។
ក្រោយពីបានបញ្ចប់គម្រោងខាងលើដោយជោគជ័យ ភាគីកម្ពុជា និងភាគស៊ុយអែត បានធ្វើសន្និសីទបិទគម្រោងស្តីពី ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងាររបស់យុវជននៅកម្ពុជា នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីលោកស្រី ម៉ារៀ សាគ្រិន ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជា លោកស្រី អេវ៉ា ថេអីស ប្រធានផ្នែកទំនាក់ទំនងអន្ដរជាតិ នៃទីភ្នាក់ងារផ្ដល់សេវាការងារសាធារណៈស៊ុយអែត ព្រមទាំងតំណាងមកពីស្ថានទូតស៊ុយអែត ស្ថាប័នរដ្ឋ សិស្ស-និស្សិត អង្គការក្រៅរដ្ឋាភិបាល សមាគមន៍ សហជីពសហព័ន្ធ និងដៃគូអភិវឌ្ឍនានា។
គិតពីការចាប់ផ្តើមអនុវត្តគម្រោង នៅឆ្នាំ២០១៣ រហូតមកដល់ថ្ងៃសន្និសីទបិទបញ្ចប់នេះ គម្រោងនេះសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ ពាក់ព័ន្ធការលើកកម្ពស់សេវាការងារ និងព័ត៌មានទីផ្សារការងារនៅកម្ពុជា មានជាអាទិ៍៖
* បានគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលការងារចំនួន៥ នៅក្នុងខេត្តកំពង់ចាម តាកែវ កំពង់ធំ បន្ទាយមានជ័យ និងខេត្តព្រះសីហនុ ក្រោមម៉ូដែលនៃការផ្តល់សេវាប្រឹក្សាយោបល់អំពីអាជីពដល់យុវជន ដោយបានផ្សារភ្ជាប់សេវាឆ្លងទៅមករវាងមជ្ឈមណ្ឌលការងារ និងមជ្ឈមណ្ឌលយុវជនរបស់ក្រសួងអប់រំ យុវជន និងកីឡា។
* បានបង្កើតមជ្ឈមណ្ឌលការងារចល័តចំនួន១ (ដែលត្រូវសម្ពោធជាផ្លូវការក្នុងថ្ងៃនេះ)។
* បានបង្កើតកម្មវិធីស្វែងរកការងារតាមទូរស័ព្ទស្មាតហ្វូតឈ្មោះ NEA Job Search។
* បានបញ្ចូនអ្នកឯកទេសផ្នែកសេវាការងារ និងស្ថិតិព័ត៌មានទីផ្សារការងារ ដើម្បីផ្តល់ការបណ្តុះបណ្តាល អភិវឌ្ឍ សមត្ថភាពមន្រ្តី និងផ្តល់យោបល់បង្កើនប្រសិទ្ធភាពសេវា។
* បានផលិតរបាយការណ៍ស្រាវជ្រាវស្តីពីកង្វះ និងគម្លាតជំនាញ និងទស្សនវិស័យការងារក្នុងទីផ្សារការងារកម្ពុជា ដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៨។
* បានផ្តួចផ្តើមរៀបចំសន្និសីទស្តីពីព័ត៌មានទីផ្សារការងារ ដោយមានការចូលរួមពីអ្នកឯកទេសស៊ុយអែតវៀតណាម និងឡាវ។
* បានរៀបចំអញ្ជើញគណៈប្រតិភូជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន៥រូប ទៅធ្វើទស្សនកិច្ចស្វែងយល់ពីវិស័យការងារនៅប្រទេសស៊ុយអែត។
* បានសម្របសម្រួល និងពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងអង្គការក្រៅរដ្ឋាភិបាល ក្នុងការជំរុញដំណើរការទីផ្សារការងារកម្ពុជា។
បន្ថែមលើនេះ តាមរយៈការអនុវត្តគម្រោងខាងលើអ្នកទទួលផលផ្ទាល់ ដែលភាគច្រើនជាយុវជនសិស្ស និស្សិត ស្រ្តី និងជនពិការ បានទទួលការបណ្តុះបណ្តាលអភិវឌ្ឍជំនាញ និងទទួលបានឱកាសការងារកាន់តែងាយស្រួល មានជាអាទិ៍៖ ការបណ្តុះបណ្តាលជំនាញទន់ និងសហគ្រិនភាពចំនួន ៣,៤៥០នាក់ អ្នកចុះឈ្មោះស្វែងរកការងារសរុបចំនួនប្រមាណ ៩ម៉ឺននាក់ អ្នកទទួលបានការងារធ្វើប្រមាណ ២ម៉ឺននាក់ សិស្ស និស្សិត និងអ្នកស្វែងរកការងារទទួលការប្រឹក្សាអាជីពចំនួនប្រមាណ ១៤ម៉ឺននាក់ យុវជនទទួលបានកម្មសិក្សាចំនួន ៧៤៩នាក់។
លោក អ៉ិត សំហេង បានឱ្យដឹងថា ការអនុវត្តគម្រោង SIDA ទាំងពីរដំណាក់កាលនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារជាពិសេសយុវជន ឲ្យទទួលបានការងារកាន់តែងាយស្រួល ឆាប់រហ័ស និងចំណេញពេលវេលា ដែលស្របតាមក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការខិតខំបង្កើតឱកាសការងារកាន់តែច្រើន និងជួយបែងចែកឱកាសទាំងនេះ ឲ្យបានទៅដល់ប្រជាជនគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារដែលមានទាំងអស់ ឲ្យទៅជាមុខរបរកាន់តែល្អសម្រាប់ប្រជាជនគ្រប់រូប។
លោកស្រីឯកអគ្គរដ្ឋទូតស៊ុយអែត បានថ្លែងថា កាលពី១០ឆ្នាំមុន កម្ពុជាមិនទាន់មានព័ត៌មានទីផ្សាការងារទូលំទូលាយនៅឡើយទេ តែបច្ចុប្បន្នតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងគម្រោងរបស់ទីភ្នាក់ SIDA ស៊ុយអែត បានផ្តល់ឱ្យកម្ពុជាមានព័ត៌មានទីផ្សាការងារយ៉ាងទូលំទូលាយដល់ពលរដ្ឋកម្ពុជា ហើយរដ្ឋាភិបាលស៊ុយអែតសូមកោតសរសើរ និងអបអរសាទរដល់ NEA ដែលបានសម្រេចបានយ៉ាងជោគជ័យនូវគម្រោងជាច្រើន ជាមួយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) និងទីភ្នាក់ងារផ្តល់សេវាសាធារណៈស៊ុយអែត (SPES) នាពេលកន្លងមក៕