(ភ្នំពេញ)៖ លោក ង្វៀន ហ៊្វូជុង (NGUYEN PHU TRONG) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងថា វៀតណាម នៅតែចងចាំការជួយឧបត្ថគាំទ្រដ៏ធំធេងរបស់ប្រទេស និងប្រជាជនកម្ពុជា ក្នុងបុព្វហេតុតស៊ូទាមទារឯករាជ្យពីប្រទេសបារាំង ក៏ដូចជាការកសាងប្រទេសជាតិនាពេលបច្ចុប្បន្ន។

លោក ង្វៀន ហ៊្វូជុង បានលើកឡើងបែបនេះក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានព្រឹទ្ធសភាកម្ពុជានាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

នៅចំពោះមុខប្រធានព្រឹទ្ធសភាកម្ពុជា លោក ង្វៀន ហ៊្វូជុង បានលើកឡើងថា វៀតណាមនៅតែចងចាំការជួយឧបត្ថម្ភគាំទ្ររបស់កម្ពុជាក្នុងការរំដោះប្រទេសចេញពីអាណានិគមបារាំង។ ប្រមុខរដ្ឋវៀតណាម បានថ្លែងយ៉ាងដូច្នេះថា «ប្រទេសវៀតណាម មិនអាចបំភ្លេចបានទេ នូវការជួយឧបត្ថគាំទ្រដ៏ធំធេងរបស់ប្រទេស និងប្រជាជនកម្ពុជា ក្នុងបុព្វហេតុតស៊ូបានកៀកស្មាគ្នាតស៊ូ ប្រឆាំងពួកអាណានិគមនិយម ដើម្បីយកឯករាជ្យជាតិពីមុនមក និងបុព្វហេតុកសាងប្រទេសជាតិនាពេលបច្ចុប្បន្ននេះ»

ជាមួយគ្នានេះដែរលោក ង្វៀន ហ៊្វូជុង បានថ្លែងអំណរគុណ និងឯកភាពទាំងស្រុងចំពោះប្រសាសន៍មានតម្លៃ របស់សម្តេចប្រធានព្រឹទ្ធសភា ដែលបានលើកឡើងអំពីភាពល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងសន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នានូវការអភិវឌ្ឍឱ្យមានប្រសិទ្ធភាព រាល់អ្វីៗ ដែលប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងជាមួយគ្នា។

ក្នុងជំនួបនោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងមនោសញ្ចេតនា សប្បាយរីករាយ និងស្វាគមន៍ដ៏កក់ក្តៅបំផុតចំពោះលោកប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ និងចាត់ទុកដំណើរទស្សនកិច្ចរបស់លោក ង្វៀន ភូត្រុង នាឱកាសនេះ គឺជាដំណើរទស្សនកិច្ចប្រវត្តិសាស្រ្ត ដែលបាននាំមកនូវផលប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។

សម្តេចវិបុលសេនា សាយ ឈុំ ក៏បានបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយបានចាត់ទុកលទ្ធផល នៃកិច្ចសហប្រតិបត្តិការនោះ គឺជាមូលដ្ឋានគ្រឹះរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងពេបច្ចុប្បន្ន និងទៅអនាគត។ សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា បានមានកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយនឹងរដ្ឋសភាវៀតណាម រួមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ក្នុងក្របខ័ណ្ឌនៃកិច្ចសហ- ប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិដូចជា៖ AIPA APF IPU និង CLV ជាដើម។

សម្តេចប្រធានព្រឹទ្ធសភា បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេដើម្បីបន្តពង្រឹង និងពង្រឹកនូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជជន និងប្រទេសទាំងពីរ ក្រោមពាក្យស្លោក អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងយូរអង្វែង។ សម្តេចប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការចរចារលើបញ្ហាព្រំដែន ដើម្បីឈានទៅសម្រេច នៃការបោះបង្គោល ខណ្ឌសីមា រវាងប្រទេសទាំងពីរឱ្យបានកាន់តែឆាប់ និងល្អប្រសើរក្នុងនោះដើម្បីកសាងព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ៕