(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយ ចាត់វិធានការអប់រំដល់ប្រជាជន នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីលើកកម្ពស់ ការយល់ដឹង ព្រមទាំងការចូលរួមចលនាបង្ការ-ពន្លត់អគ្គិភ័យ នៅក្នុងសហគន៍ និងមូលដ្ឋានរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់។
ការជំរុញបែបបនេះ របស់លោក សុខ លូ បានធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ចូលរួមនៅក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ លើកទី៤ នៅខេត្តកំពង់ធំ ស្ថិតនៅក្នុងបរិវេណស្តាចាស់ ភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងលោកស្រីប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានបញ្ជាក់ពីរបាយការណ៍ នៅក្នុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ដោយពិនិត្យជារួម ក្នុងភូមិសាស្ត្រទូទាំងខេត្ត សភាពការណ៍ សន្តិសុខ នយោបាយ បទល្មើសផ្សេងៗ មានសភាពថយចុះគួរឱ្យកត់សម្គាល់គ្រោះថ្នាក់ដោយសារអគ្គិភ័យ មានការកើនឡើងបើប្រៀបធៀប ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៧ គឺមានចំនួន៣៧លើក/៤៤លើក (កើនឡើង ៧លើក ស្មើ ១៨.៩១%) ដែលបណ្ដាលឱ្យឆេះផ្ទះចំនួន៣៩ខ្នង, ឆេះតូប០៧ខ្នង, ឆេះម៉ូតូ០៤គ្រឿង, ឆេះប្រាក់រៀល ៦០.២៧០.០០០ រៀល,ប្រាក់ដុល្លា ១៥.០០០ ដុល្លា ព្រមទាំងសម្ភារៈមួយចំនួនទៀត។
លោកឧត្តមសេនីយ៍ បានបន្តថា មូលហេតុសំខាន់ៗ ដែលបណ្ដាលឱ្យកើតឡើងមានគ្រោះថ្នាក់អគ្គិភ័យដូចជា៖ កត្តាភ្លើងចង្ក្រានចំនួន២៥%, កត្តាឆ្លងចរន្តអគ្គិសនីចំនួន១៨.១៨%, កត្តាធ្វេសប្រហែសចំនួន ៦.៨១ %, កត្តាមូលហេតុផ្សេងៗចំនួន ៥០.៦៤% នៅរយ:ពេល២ខែដើម ឆ្នាំ២០១៩ កន្លងទៅនេះ គ្រោះថ្នាក់អគ្គិភ័យទូទាំងខេត្តមានចំនួន៧លើក បណ្តាលឱ្យឆេះផ្ទះចំនួន៥ខ្នង ឆេះតូបចំនួន២ តូបឆេះរម៉ក់ម៉ូតូចំនួន២គ្រឿង មូលហេតុដែលបណ្តាលឲ្យកើតឡើងមកពី កត្តាភ្លើងធូប០១លើក, កត្តាឆ្លងចរន្តអគ្គិសនី១លើក, កត្តាធ្វេសប្រហែស៤ លើក, កំពុងស្រាវជ្រាវចំនួន១លើក។
ជាមួយគ្នានេះដែរលោក សុខ លូ បានកោតសរសើរ ដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្នុងកិច្ចប្រតិបត្តិការ អន្តរាគមន៍បង្ការ សង្រ្គោះពន្លត់អគ្គិភ័យ ទាន់ពេលវេលា ជាពិសេសករណីអគ្គិភ័យកើតមានឡើងឆេះរោងនៅក្បែរផ្សារកំពង់ថ្ម និងសូមឱ្យមានការគោរពវិន័យ របស់កងកម្លាំងនគរបាលជាតិ ដើម្បីថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់សារណៈ និងសុវត្ថិភាពសង្គមជូនប្រទេសជាតិ ប្រកបដោយប្រសិទិ្ឋភាពខ្ពស់ និងពង្រឹងការអនុវត្តច្បាប់។
លោកក៏បានអំពាវនាវ ដល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយល់ថាការបង្ការ-ពន្លត់អគ្គិភ័យ គឺជាករណីកិច្ចគ្រប់ក្រសួងស្ថាប័ន្ថ ផ្នែកឯកជន ទាំងអស់ត្រូវមានស្មារតីប្រុងប្រយ័ត្នចំពោះពន្លត់អគ្គិភ័យ ត្រូវចូលរួមនៅពេលមានគ្រោះថ្នាក់អគ្គិភ័យ កើតមានឡើង ក្រោមពាក្យស្លោកថា «យើងទាំងអស់គ្នាត្រូវចូលរួមបង្ការ-ពន្លត់អគ្គិភ័យ»។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវ មានវិធានការអប់រំ ដល់ប្រជាជន នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីលើកកម្ពស់ ការយល់ដឹង និងការចូលរួមចលនាបង្ការ-ពន្លត់អគ្គិភ័យ និងឱ្យមានការប្រុងប្រយ័ត្ន គ្រប់ពេលវេលាចំពោះដើមចមដែលផ្ដើមឱ្យមានគ្រោះថ្នាក់អគ្គិភ័យដូចជា៖ ភ្លើងចង្ក្រាន ភ្លើងធុប ប្រេងសាំង ចរន្តអគ្គិសនី រំសេវសារធាតុគីមី៕