(ភ្នំពេញ)៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចផ្តល់ជំនួយ ៥លានអឺរ៉ូ (ប្រហែល ៥,៦លានដុល្លារអាមេរិក) ដល់គម្រោងក្របខ័ណ្ឌគណនេយ្យភាពសង្គម (I-SAF) សម្រាប់គម្រោងសហប្រតិបត្តិការរវាងសង្គមស៉ីវិល និងរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការផ្សព្វផ្សាយរបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។
នេះជាគម្រោងមួយប្រភេទ ដែលនឹងបើកផ្លូវឲ្យរាជរដ្ឋាភិបាល និងសង្គមស៉ីវិលក្នុងប្រទេសកម្ពុជាធ្វើការរួមគ្នា។ គម្រោងថ្មីនេះ ត្រូវបានប្រកាសឡើងក្នុងដំណើរទស្សនកិច្ច របស់លោក Norbert Barthle សមាជិកសភាសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ ក្នុងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
លោក Norbert Barthle បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កំណើនសេដ្ឋកិច្ចសំខាន់ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេ។ សង្គម ស៉ីវិលដ៏រស់រវើក ជាកម្លាំងចលករ ដែលរុញច្រានឲ្យមានការផ្លាស់ប្តូរ និងការវិវត្តទៅមុខ»។
I-SAF ជាច្រកមួយដែលនឹងជួយរាជរដ្ឋាភិបាល និងសង្គមស៉ីល បង្កើតកិច្ចសហប្រតិបត្តិការ និងរួមគ្នាបង្កើនដំណោះស្រាយ។ ជាឧទាហរណ៍ បង្កើនគុណភាពរបស់ប្រព័ន្ធសុខាភិបាល និងបង្កើនគុណភាព របស់វិស័យអប់រំ។ ក្នុងន័យជាយន្តការ ដែលទទួលស្គាល់ដោយសង្គមស៉ីវិល និងរាជរដ្ឋាភិបាល វាជាវេទិកាដ៏សំខាន់សម្រាប់ការសន្ទនាគ្នា។
ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា លោក Norbert Barthle បានដឹកនាំគណៈប្រតិភូចម្រុះ ដែលរួមមានសមាជិកសភាសហព័ន្ធចំនួន៦រុប ព្រមទាំងតំណាងស្ថាប័នជំនួញអាល្លឺម៉ង់ ក្រុមធានារ៉ាប់រងគ្រោះថ្នាក់ និង Konrad Adenauer Foundation ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Norbert Barthle និងប្រតិភូចម្រុះ បានចូលជួបពិភាក្សាការងារជាមួយនឹង សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា អាល្លឺម៉ង់គាំទ្រកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើង នៃវិស័យសុខភាពសាធារណៈ ជំរុញការអភិវឌ្ឍជនបទ និងជួយកម្ពុជាក្នុងដំណើរវិមជ្ឈការ។ ក្នុងនោះ ក៏រួមមាន គម្រោងជាលក្ខណៈតំបន់ ដែលផ្តោតទៅលើសមាហរណកម្មពាណិជ្ជកម្ម និងលើកកម្ពស់បទដ្ឋានការងារឲ្យល្អប្រសើរ។ ក្នុងក្របខ័ណ្ឌមនុស្សធម៌ អាល្លឺម៉ង់ បានប្តេជ្ញាថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជាបន្តទៀតជាដើម៕