(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងរាស្រ្ត និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញបញ្ចុះបឋមសិលាកសាងព្រះពុទ្ធបដិមាអង្គធំ នៅវត្តប្រាសាទស្រះកណ្តាល (ខ្ចាស់) និងជាខួបព្រះផ្នួស២១វស្សារបស់ ព្រះមហាធម្មាលង្ការោ ចាន់ សុជន ព្រះចៅអធិការវត្តប្រាសាទស្រះកណ្តាលខ្ចាស់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានមានជាង៣០០នាក់ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ហើយតែងទទួលបាននូវការជួយជ្រោមជ្រែងពីសំណាក់ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទដែលជាពុទ្ធសាសនិកឧបត្ថម្ភគ្រប់ទិសទី។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិ មានសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ អាណាចក្រជាមួយនឹងកំណើនសេដ្ឋកិច្ចជាង៧% ក្នុង១ឆ្នាំៗ ភាពក្រីក្រត្រូវបានកាត់បន្ថយជាលំដាប់ និងបានធ្វើឲ្យប្រសើរឡើងនៃកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកសាងបានមកវិញនៅវត្តអារាមសម្រាប់ពុទ្ធបរិសទ័គោរពបូជា និងជាឃ្លាំងផ្ទុកនូវវប្បធម៌ អរិយធម៌ ជាទីជម្រកដល់ជនក្រីក្រកម្សត់ទុគ៌តគ្មានទីពឹង ដែលរបបអាវខ្មៅបានបំផ្លាញដល់ឬសគល់។
ការកសាងនូវព្រះពុទ្ធបដិមាអង្គធំនាពេលនេះ គឺដើម្បីទុកជាសម្បត្តិសាធារណៈតម្កល់ទុកក្នុងព្រះពុទ្ធសាសនាសម្រាប់ប្រជាពលរដ្ឋគោរពបូជា សុំសេចក្តីសុខសប្បាយតរៀងទៅ។
ក្នុងនាមជាពុទ្ធសាសនិកឧបត្ថម្ភមានសុទ្ធាជ្រះថ្លា នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបរិច្ចាគនូវបច្ច័យ អំណោយ និងថវិកា វេរប្រគេន និងចែកជូនរួមមាន៖
*ទី១៖ ប្រគេនបច្ច័យកសាងវត្តប្រាសាទស្រះកណ្ដាល ហៅវត្តខ្ចាស់ ២០.០០០ដុល្លារ
*ទី២៖ យាយជី តាជី និងអ្នកចូលរួមទាំងអស់ក្នុងម្នាក់ៗទទួលបាន សារុង១ ថវិកា១ម៉ឺនរៀលផងដែរ៕