(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ រួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធ និងយុវជនជិត៦០០នាក់ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្ដៅ» ដោយរួមគ្នាបោសសំអាតនៅតាមដងផ្លូវទីសាធារណៈ ក្នុងគោលបំណង ដើម្បីបំផុសស្មារតីដល់សាធារណជន ឱ្យកាន់តែយល់ដឹង និងចូលរួមសំអាតថែរក្សាបរិស្ថានឱ្យបានល្អ។
លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា ប្រធានបទនេះ គឺត្រូវនិងគោលបំណងរបស់ពលរដ្ឋគ្រប់រូប ដែលតែងតែប្រាថ្នាចង់រស់នៅ ក្នុងទីក្រុងប្រកបដោយភាព «ស្អាត និងបៃតង» ដោយយកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ពួកគាត់ មានការធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពអនាម័យ ហើយត្រូវបានរាជរដ្ឋាភិបាលកំណត់នៅក្នុងអនុក្រឹត្យលេខ ៦៣អន.ក្រប.ក នៅថ្ងៃទី២៦ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិច ពិសេសចូលរួមដល់ការអភិវឌ្ឍទីក្រុង នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាទីក្រុងស្អាត ប្រកបដោយភាពទាក់ទាញ និងភាពកក់ក្តៅ ។
លោក យិន វណ្ណៈ បានបញ្ជាក់ថា ដើម្បីសម្រេចបានគោលបំណង នៃការប្រកួតប្រជែងចលនាទីក្រុងស្អាតទទួលបានរំដួល៣ទង គឺតម្រូវឱ្យយើងទាំងអស់ រួមគ្នាចូលរួមយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងគ្រប់គ្រងទីក្រុងឱ្យបានត្រឹមត្រូវ និងមានកិច្ចសហការល្អ។ ដើម្បីឱ្យទីក្រុងក្រចេះទទួលបាននូវចំណាត់ថ្នាក់ ផ្ការំដួល៣ទង ក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាត សម្រាប់ឆ្នាំ២០២១ ដល់២០២៣ ខាងមុខ និងឈានដល់កម្រិតទីក្រុងបៃតងអាស៊ាន ផងដែរ។
លោក វ៉ា ថន បានលើកឡើងថា ទីក្រុងបៃតង គឺជាទីក្រុងដែលគ្មានសំរាម ដោយរក្សាបានកំណើនទេសចរណ៍ជារៀងរាល់ឆ្នាំ ហើយវិស័យទេសចរណ៍កម្ពុជា បាននឹងកំពុងបោះជំហានរីកចម្រើនយ៉ាង ខ្លាំងជាលំដាប់។ ព្រមជាមួយគ្នានេះ វិស័យទេសចរណ៍ត្រូវបានកំណត់ ជាវិស័យអាទិភាព និងជាមាសបៃតង ដោយសារវិស័យនេះមិនត្រឹមតែបង្កើតការងារ លើកកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលជាតិប៉ុណ្ណោះទេ ថែមទាំងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុកព្រមទាំងលំហូរចូលនូវរូបិយបណ្ណអន្តរជាតិ ដែលជាកត្តារួមចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាផងដែរ។
លោកអភិបាលខេត្ត បានទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការគិតគូរឱ្យបានដិតដល់អំពីបញ្ហាសណ្ដាប់ធ្នាប់ សំណល់រឹង រាវ បរិស្ថានអនាម័យសន្តិសុខ និងសុវត្ថិភាពសាធារណៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំខាន់ការបង្កើតតំបន់កម្សាន្តបៃតង និងបង្កើតសកម្មភាពកម្សាន្ត ឱ្យបានសម្បូរបែបដើម្បីផ្ដល់ភាពទាក់ទាញផាសុខភាព ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចូលមកកម្សាន្តនៅក្នុងខេត្ត៕